ច្បាប់លក្ខន្តិកៈ

គណបក្សអំណាចពលរដ្ឋខ្មែរ (គ.អ.ខ)

BY-LAWS

KHMER POWER PARTY (K.P.P)

 

បុព្វកថា

ដោយប្រទេសខ្មែរ មានកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស ចុះថ្ងៃទី ២៣ តុលា ឆ្នាំ ១៩៩១ ដែល​មាន​១៨ ប្រទេសជាប្រទេសហត្ថលេខី បានចុះហត្ថលេខាទទួលស្គាល់ ហើយ អង្គការសហប្រជាជាតិ សភាសហរដ្ឋ​អាមេរិក និងសភាអឺរ៉ុបបានទទួលស្គាល់កិច្ចព្រមព្រៀង នេះនៅជាធរមាន,

ដោយពលរដ្ឋខ្មែរ នៅតែបន្តរងទុក្ខវេទនាសព្វបែបយ៉ាងក្នុងជីវិតរស់នៅបច្ចុប្បន្ន ក្រោម របបដឹកនាំដែល​គ្មានលទ្ធិប្រជាធិបតេយ្យ មិនផ្តល់សេរីភាពជូនពលរដ្ឋ និងមិនមានភាពស្មើគ្នា នៅចំពោះមុខច្បាប់,

ដោយមានបំណងចង់ឃើញប្រទេសខ្មែរ ប្រកាន់នូវរបបប្រជាធិបតេយ្យសេរី ពិត ប្រាកដ ដែលពលរដ្ឋខ្មែរ​​គ្រប់គ្នាទាំងស្រី ទាំងប្រុស ទាំងអ្នករស់នៅក្នុងប្រទេស និងអ្នករស់ នៅក្រៅប្រទេស មានសិទ្ធិបោះឆ្នោតដូចៗគ្នា​ដើម្បីសម្រេចជោគវាសនាអ្នកនយោបាយ និង ឈានទៅដល់ការសម្រេចនូវជោគវាសនាជាតិ,

យើងជាពលរដ្ឋខ្មែរ​​ ដែលមានជំនឿនិងមានទស្សនៈនយោបាយប្រហាក់ប្រហែលគ្នា យើងពុះពារនិង​​ប្តេជ្ញាចិត្តតាមកម្លាំងឆន្ទៈជាតិនិយមដ៏មុតមាំ បូជាកម្លាំងកាយ កម្លាំងចិត្ត កម្លាំងប្រាជ្ញា និងធនធានថវិកា ដើម្បីធ្វើ​ឲ្យមានការផ្លាស់ប្តូរពីរបបដឹកនាំផ្តាច់ការ ទៅជារបប ដឹកនាំប្រជាធិបតេយ្យតាមបែបពលរដ្ឋនិយម ដែលអាចនឹង​នាំឲ្យមានរដ្ឋាភិបាលមួយ ដែល បង្កើតដោយពលរដ្ឋខ្មែរ ជារបស់ពលរដ្ឋខ្មែរ និងបម្រើពលរដ្ឋខ្មែរពិតៗ,

យើងបានមកជួបជុំគ្នាពិភាក្សាគិតពីស្ថានភាពសង្គម និងពិចារណាពីស្ថានពលរដ្ឋ ក៏ ដូចជាជីវិតប្រទេស​ជាតិ រហូតព្រមព្រៀងគ្នាជាឯកឆន្ទសម្រេចបង្កើតគណបក្ស នយោបាយ មួយឲ្យឈ្មោះថា គណបក្សអំណាចខ្មែរ មានអក្សរកាត់ គ.អ.ខ និងមានឈ្មោះជា ភាសា អង់គ្លេសថា Khmer Power Party មានអក្សរកាត់ K.P.P ដើម្បី​ធ្វើនយោបាយក្នុងទិសដៅ ពង្រឹងនិងផ្តល់ការអប់រំឲ្យពលរដ្ឋខ្មែរ ស្គាល់សិទ្ធិនយោបាយ ស្គាល់អំណាចខ្លួនឯង រួច​ហើយ ហ៊ានប្រើសិទ្ធិនិងប្រើអំណាចរបស់ខ្លួនជាពលរដ្ឋសេរី គ្រប់គ្រងនិងសម្រេចជោគវាសនាជាតិ,

ដោយមានការមូលមតិដូចខាងលើ និងការពិគ្រោះយោបល់ជាមួយនឹងពលរដ្ឋខ្មែរអ្នក ជាតិនិយម ដែល ចង់​បាននូវការផ្លាស់ប្តូរដូចគ្នាបានសម្រេចដាក់ចេញនូវច្បាប់លក្ខន្តិកៈរបស់ គណបក្សអំណាចខ្មែរដូចតទៅ ៖

ជំពូក ១

បទប្បញ្ញត្តិទូទៅ

អំពីឈ្មោះ បាវនា រូបសញ្ញា និងការតាំងទីស្នាក់ការ

ប្រការ ១៖

គណបក្សមានឈ្មោះថា គណបក្សអំណាចខ្មែរ មានអក្សរកាត់ជាភាសាខ្មែរ គ.អ.ខ និងជាភាសា អង់គ្លេសគឺ KHEMR POWER PARTY មានអក្សរកាត់ជាភាសាអង់គ្លេស K.P.P ។

គណបក្សអំណាចខ្មែរ មានបាវចនា ជាតិ សាសនា វីរជន ។

ប្រការ ២៖

រូបសញ្ញា និងត្រារបស់ គណបក្សអំណាចខ្មែរ មានដូចតទៅ៖

  • រង្វង់កណ្តាលពណ៌បៃតង មានរូបបុព្វបុរសខ្មែរសម័យអង្គរ (មិនមែនតំណាងឲ្យ សាសនាឬតំណាងឲ្យ មហាក្សត្រ) ឈរពីលើបល័ង្គនាគ និងមានស្តេចនាគញីឈ្មោលមាន ក្បាល ៣ ព័ន្ធកន្ទុយជាបល្ល័ង្គ។
  • រង្វង់​ទី ២ មានផ្ទៃពណ៌ក្រហម ១ ភាគ ៤ ដែលផុសចេញនូវរូបសត្វឥន្ទ្រីយ៍ស និង មានផ្ទៃពណ៌ខៀវ ៣ ភាគ ៤ ដែល នៅខាងមានរូបផ្កាយសចំនួន ៣ ហើយផ្នែកខាងក្រោម មានចម្លាក់អក្សរឈ្មោះរបស់ គណបក្ស​អំណាចខ្មែរ ជាភាសាខ្មែរនិងជាភាសាអង់គ្លេស Khmer Power Party ខណ្ឌចែកដាច់ពីគ្នាដោយភ្ញីត្របកឈូក ។
  • រង្វង់ស្តើងពណ៌សចំនួន ២ ជាន់ និងរង្វង់ពណ៌បៃតងក្រាសមួយជាន់ព័ទ្ធពីខាងក្រៅ ។

អត្ថន័យនៃនិមិត្តសញ្ញាគណបក្សមានពន្យល់នៅក្នុងឧបសម្ព័ន្ធទី ១ ។

ប្រការ ៣៖

គណបក្សអំណាចខ្មែរ មានទីស្នាក់ការកណ្តាលតាំងនៅទីក្រុងភ្នំពេញ ផ្ទះលេខ ១៨B ផ្លូវលេខ ៣៨៣ សង្កាត់ បឹងសាឡាង ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ ប្រទេសខ្មែរ ។ ទីស្នាក់ការ​នេះអាចផ្លាស់ប្តូរបានតាម ការសម្រេច របស់ក្រុមប្រឹក្សានយោបាយ ដែលជាគណៈ អចិន្ត្រៃយ៍របស់គណបក្ស ។

គណបក្សអំណាចខ្មែរ នឹងបើកទីស្នាក់សាខាតំណាងខេត្ត-ក្រុង និងឃុំ-សង្កាត់ ទូទាំង ប្រទេស និងសាខា នៅក្រៅ​ប្រទេសគ្រប់ប្រទេសដែលមានជនជាតិខ្មែររស់នៅ ។

ប្រការ ៤៖

គណបក្សអំណាចខ្មែរ កំណត់យកថ្ងៃបង្កើតគណបក្សជាផ្លូវការ ថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០១៥ ដែល ថ្នាក់ដឹកនាំ របស់ ចលនាអំណាចពលរដ្ឋខ្មែរ សម្រេចបង្កើត គណបក្ស អំណាចខ្មែរ ។

ជំពូក ២

ទស្សនៈវិស័យ និងបេសកកម្ម និងលទ្ធិនយោបាយ

ប្រការ ៥៖

គណបក្សអំណាចខ្មែរ ប្រព្រឹត្តិទៅដោយគោរពនិងការពារដាច់ខាតនូវ សិទ្ធិសេរីភាព ពីធម្មជាតិទាំង ៣ របស់មនុស្សដែលមានតាំងពីកំណើតមកគឺ ៖

  • សិទ្ធិសេរីភាពក្នុងការប្រើគំនិតគិតដោយសេរី
  • សិទ្ធិសេរីភាពក្នុងការនិយាយបញ្ចេញមតិដោយសេរី និង
  • សិទ្ធិសេរីភាពក្នុងការធ្វើសកម្មតវ៉ានានាដោយសេរីស្របតាមច្បាប់

បើសកម្មភាពនយោបាយណាមួយដែលប្រឆាំងនិងរំលោភលើការអនុវត្តន៍សិទ្ធិសេរីភាពធម្មជាតិទាំង ៣ នេះ គណបក្សអំណាចខ្មែរ ចាត់ទុកថាជាអំពើរផ្តាច់ការ ។

ប្រការ ៦៖

គណបក្សអំណាចខ្មែរ គឺជាគណបក្សរបស់ពលរដ្ឋខ្មែរអ្នកគាំទ្រ គឺមិនមែនជាគណបក្ស របស់មេបក្ស ឬជា របស់បុគ្គល ឬក៏ជារបស់គ្រួសារណាជាដាច់ខាត ។

គណបក្សអំណាចខ្មែរ ចង់ឃើញពលរដ្ឋខ្មែរធ្វើជាម្ចាស់អំណាចពិតប្រាកដនិងជាអ្នក សម្រេចជោគវាសនា របស់អ្នកដឹកនាំ ព្រមទាំងសម្រេចជោគវាសនាជាតិដោយ ខ្លួនឯងក្នុង ឋានៈពលរដ្ឋខ្មែរជាម្ចាស់ប្រទេស ។

ប្រការ ៧៖

គណបក្សអំណាចខ្មែរ មានបេសកកម្មនយោបាយ ជួយសម្រេចឆន្ទៈនិងជាសុបិន្តរួម របស់ពលរដ្ឋខ្មែរឲ្យ ទទួល​បាននូវសេរីភាពពិតប្រាកដ លទ្ធិប្រជាធិបតេ្យពិតប្រាកដ ការពារ ឯករាជ្យជាតិ និងការពារអធិបតេយ្យភាព ទឹកដីរបស់ខ្មែរមិនឲ្យបរទេសរំលោភឈ្លានពាន ដាច់ខាត ។

ប្រការ ៨៖

គណបក្សអំណាចខ្មែរ ឈរលើជំហរនយោបាយ ខ្មែរជាម្ចាស់ប្រទេស ខ្មែរជាម្ចាស់ អំណាច ខ្មែរជាអ្នក សម្រេចនូវ ជោគវាសនាជាតិខ្មែរដោយខ្លួនឯង និងខ្មែរជាម្ចាស់នៃ បេតិកភ័ណ្ឌ វប្បធម៌ជាតិ ព្រមទាំងក៏ជាម្ចាស់នៃ ធនធានធម្មជាតិទាំងអស់ដែលមានក្នុងដី លើដី ក្នុងទឹក និងក្រោមទឹក ក្នុងប្រទេសខ្មែរទាំងមូល ។

ប្រការ ៩៖

គណបក្សអំណាចខ្មែរ ប្រកាន់លទ្ធិនយោបាយសាធារណៈរដ្ឋ ប្រជាធិបតេយ្យ សេរី ដែលមានន័យថា អំណាចសាធារណៈជារបស់ពលរដ្ឋ ពលរដ្ឋជាអ្នកបោះឆ្នោតជ្រើសរើស តំណាង គ្រប់ជាន់ថ្នាក់ ។

ប្រការ ១០៖

គណបក្សអំណាចខ្មែរ មានគោលនយោបាយដូចតទៅ៖

  • កសាងនិងពង្រឹងនូវបណ្តាញពលរដ្ឋ បណ្តាញ​សារព័ត៌មាន ​បណ្តាញអង្គការសង្គម ស៊ីវិល និងការទូត លើផ្ទៃរាប​​អន្តរជាតិដើម្បីសម្រេចបាននូវបេសកម្មនយោបាយដូចប្រការ ៧ ខាងលើ,
  • កសាងនិងពង្រឹង ព្រមទាំងលើកទឹកចិត្តរដ្ឋខ្មែរក្នុងនិងក្រៅប្រទេស ឲ្យស្គាល់សិទ្ធិ អំណាចរបស់ខ្លួន ហើយហ៊ាន ប្រើនូវអំណាចរបស់ខ្លួនជាពលរដ្ឋដើម្បីការផ្លាស់ប្តូរ,
  • កសាងនិងពង្រឹងអំណាចសង្គមស៊ីវិល អោយចូលប្រឡូកនៅ​ក្នុង​​សកម្មភាពសិទ្ធិ នយោបាយ ដើម្បី លើកស្ទួយ សិទ្ធិនយោបាយរបស់ពលរដ្ឋ និងជំរុញ​អោយមានការ តស៊ូ មតិដោយសេរីនិងគោរពសិទ្ធិសេរីភាព ធម្មជាតិទាំង ៣ របស់មនុស្ស ដូចមានចែងក្នុងប្រការ ៥​ ខាងលើ,
  • កសាងនិងពង្រឹងតួរនាទីរបស់សង្គមព្រះពុទ្ធសាសនា ឲ្យ​មានការ​ចូលរួមកែលំអ ក្នុងជីវភាពសង្គម នយោបាយ និងសិទ្ធិនយោបាយដើម្បីជួយរំដោះទុក្ខរបស់ពលរដ្ឋ,
  • កសាងនិងពង្រឹងធនធានមនុស្សតាមរយៈគោលការណ៍ «E-5» ជាភាសា អង់គ្លេសគឺ ៖

១- Education: ពលរដ្ឋខ្មែរគ្រប់រូបត្រូវតែទទួលបានការសិក្សាអប់រំ

២- Economic: ពលរដ្ឋខ្មែរគ្រប់រូបត្រូវតែមានការងារធ្វើនិងមានមុខរបរ

៣- Enforcement: ពលរដ្ឋខ្មែរគ្រប់រូបត្រូវរស់នៅក្រោមច្បាប់ និងគោរព ច្បាប់ដូចគ្នា

៤- Empowerment: ពលរដ្ឋខ្មែរគ្រប់រូបត្រូវតែមានអំណាចហើយហ៊ាន ប្រើអំណាចរបស់ខ្លួន​

៥- Environment: ពលរដ្ឋខ្មែរគ្រប់រូបត្រូវតែរស់នៅក្នុងបរិដ្ឋានល្អរបស់ធម្មជាតិ

  • កសាងនិងពង្រឹង វិជ្ជាជីវៈនៃភាពជាអ្នកដឹកនាំ ភាពជាអ្នក​នយោបាយ និងភាពជា អ្នកការពារ ដើម្បី អោយពលរដ្ឋ​ខ្មែរហ៊ាន​ធ្វើការ​តស៊ូរ ប្រឈមមុខ ​និងចូលរួមដោះ ស្រាយ បញ្ហា​ប្រទេស​ជាតិ​ដោយភាពក្លាហាន និងចំហរ ។
  • កសាងនិងពង្រឹង ការផ្សព្វផ្សាយនូវព័ត៌មានពិត ផលិតឯកសារពិត និង​ពង្រីកការ ផ្សព្វផ្សាយ ការពិត ឲ្យបាន ទូលំទូលាយទាំងនៅ​ក្នុង​ប្រទេស​និងក្រៅប្រទេស ដើម្បីឲ្យពលរដ្ឋ ខ្មែរបានដឹងការពិត ។

ជំពូក ៣​

អំពីសមាជិកភាព

ប្រការ ១១៖

សមាជិកភាពរបស់ គណបក្សអំណាចខ្មែរ ចែកជា ៥ ប្រភេទគឺ

១- សមាជិកស្ថាបនិក ជាសមាជិកអ្នកផ្តួចផ្តើមបង្កើតគណបក្សជាមួយនឹងប្រធាន ស្ថាបនិក រៀបចំនូវ លក្ខន្តិកៈគណបក្ស និងទទួលស្គាល់ដោយសមាជដំបូងរបស់គណបក្ស ។

២- សមាជិកសកម្ម ជាសមាជិកដែលបានដាក់ពាក្យសុំចូលធ្វើការបម្រើ គោលការណ៍ នយោបាយរបស់ គណបក្ស និងធ្វើសកម្មភាពតំណាងគណបក្សនៅគ្រប់លំដាប់ ថ្នាក់ដែល គណបក្សចេញប័ណ្ណសំគាល់និងត្រូវបង់ វិភាគទានគណបក្សរៀងរាល់ឆ្នាំ ។ សមាជិកសកម្ម មានសិទ្ធិបោះឆ្នោតជ្រើសតំណាងថ្នាក់ដឹកនាំគណបក្ស ។

៣- សមាជិកកិត្តិយស ជាវីរជនជាតិខ្មែរ ឬបរទេស​ ដែលមានចំណេះដឹងខ្ពស់ ផ្នែកនយោបាយ សេដ្ឋកិច្ច ការទូត ពាណិជ្ជកម្ម និងវិស័យផ្សេងទៀត ដែលចូលមករួមក្នុង សកម្មនយោបាយរបស់ គណបក្សអំណាចខ្មែរ និង​ធ្វើជាទីប្រឹក្សាឬជាធ្វើជាបេសកជន របស់ ប្រធាន គណបក្ស ។

៤- សមាជិកឧបត្ថម្ភ ជាអ្នកផ្តល់ធនធានថវិកាគាំទ្រសកម្មភាពយុទ្ធនាការ នយោបាយ របស់គណបក្ស ។

៥- សមាជិកគាំទ្រ ជាពលរដ្ឋខ្មែរក្នុងប្រទេសនិងក្រៅប្រទេស ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ និងមានសិទ្ធិបោះឆ្នោត ដែលគាំទ្រ គណបក្សដោយមិនចេញមុខ ។

ប្រការ ១២៖

ដោយលើកលែងតែសមាជិកគាំទ្រចេញ គ្រប់សមាជិកទាំងអស់របស់ គណបក្ស អំណាចខ្មែរ ដោយគ្មាន លើកលែងចំពោះនណាម្នាក់ ត្រូវតែ​គោរពឲ្យបានដាច់ខាត នូវ បទបញ្ញត្តិនានារបស់គណបក្សដូចជា លក្ខខន្តិកៈ វិន័យផ្ទៃក្នុង គោលការណ៍នយោបាយ និងសេចក្តីសម្រេចនានារបស់ ក្រុមប្រឹក្សានយោបាយរបស់ គណបក្ស ។

ប្រការ ១៣៖

សមាជិកទាំង ៤ ប្រភេទ (លើកលែងសមាជិគាំទ្រដែលមិនចេញមុខ) អាចបាត់បង់ សមាជិកភាពពី គណបក្សអំណាចខ្មែរ គ្រប់ពេលក្នុងលក្ខខ័ណ្ឌ​ដូចខាងក្រោម៖

១- ទទួលមរណៈភាព

២- សុំលាលែងឈប់ជាលាយលក្ខណ៍អក្សរពីសម៉ីខ្លួន

៣- បានទៅចូលរួមជាមួយនឹងគណបក្សនយោបាយផ្សេង (ទោះមិនបាន លាលែងក៏ដោយ)

៤- ការបណ្តេញចេញឬលុបឈ្មោះចេញពីបញ្ជី ដោយក្រុមប្រឹក្សានយោបាយ

ប្រការ ១៤៖

ការបណ្តេញចេញឬលុបឈ្មោះសមាជិកណាម្នាក់ចេញពី គណបក្ស គឺត្រូវតែសម្រេច ដោយក្រុមប្រឹក្សា​នយោបាយរបស់គណបក្ស ដោយផ្តល់ឱកាសឲ្យសាខ្លួនម៉ីរយៈពេល ១០ ថ្ងៃ ធ្វើការតវ៉ានៅចំពោះមុខសមាជិក​ក្រុមប្រឹក្សានយោបាយ ។

ប្រការ ១៥៖

គ្មានសមាជិកណាម្នាក់អាចយកឈ្មោះរបស់ គណបក្សអំណាចខ្មែរ ទៅប្រើប្រាស់ ដើម្បី ផលប្រយោជន៍​ផ្ទាល់ខ្លួន ឬដើម្បីបង្កើតបក្សនៅក្នុងបក្ស ឬក៏ដើម្បីបំបែក គណបក្សអំណាចខ្មែរ បានឡើយ ។

ជំពូក ៤

ករណីយកិច្ចរបស់សមាជិក

ប្រការ ១៦៖

សមាជិកគ្រប់រូបនិងគ្រប់ប្រភេទ នៃ គណបក្សអំណាចខ្មែរ ត្រូវយល់ព្រមដោឥត លក្ខខណ្ឌ ប្រតិបត្តិឲ្យ​បានហ្មត់ចង់នូវវិន័យដូចខាងក្រោម៖

១- រួបរួមគ្នាជុំវិញគោលនយោបាយរបស់ គណបក្សអំណាចខ្មែរ ដោយអនុវត្តន៍ឲ្យ បានជាដាច់ខាតនូវ បេសកកម្មតែមួយ ភាសាតែមួយ និងសកម្មភាពតែមួយ ។

២- គោរពលក្ខខន្តិកៈ វិន័យផ្ទៃក្នុង ច្បាប់ បញ្ញត្តិ និងសេចក្តីសម្រេចនានារបស់ គណបក្ស ។

៣- គោរពប្រពៃណី ទំនៀមទម្លាប់ ការពារវប្បធម៌ ភាសា និងសាសនាជាតិខ្មែរ ហើយចេះជួយគ្នាទៅវិញ​ទៅមកដែលរឹតតែធ្វើឲ្យកាន់តែប្រសើរឡើងនូវទំនាក់ទំនង រវាង សមាជិកនៃ គណបក្សអំណាចខ្មែរ ពីកន្លែងមួយ ទៅកន្លែងមួយនៅគ្រប់ទិសទីទូទាំង ពិភពលោក ។

៤- គោរពនិងមិនប្រកាន់រើសអើងគ្នា ក្នុងនាមជាពលរដ្ឋខ្មែរជាមហាគ្រួសារខ្មែរតែមួយ គឺ ខ្មែរក្រោម ខ្មែរ​កណ្តាល និងខ្មែរលើ ព្រមទាំងជនជាតិខ្មែរដែលរស់នៅទូទាំងពិភពលោក ។

៥- គោរពសេរីភាពខាងជំនឿសាសនា នៃសមាជិកនិមួយៗដោយមិនប្រកាន់រើសអើង និងមិនត្រូវមាន​ចិត្តប្រកាន់នូវឋានៈសង្គម ឬកំរឹតសិក្សាអប់រំដាច់ខាត ។

ប្រការ ១៧៖

សមាជិក គណបក្សអំណាចខ្មែរ មានសិទ្ធិស្មើរគ្នាចំពោះមុខច្បាប់លក្ខន្តិកៈ ដើម្បីចូល រួមជាប្រយោជន៍​នយោបាយជួយគណបក្ស មានសិទ្ធិឈរជាតំណាងគណបក្សគ្រប់ លំដាប់ ថ្នាក់ រួមទាំងសិទ្ធិផ្តល់យោបល់ រិះគន់ ទិទាន ថ្នាក់ដឹកនាំគណបក្ស ស្របតាមវិន័យនិង គោលការណ៍ នយោបាយរបស់គណបក្ស ។

ជំពូក ៥

អំពីរចនាសម្ព័ន្ធ

ប្រការ ១៨៖

គណបក្សអំណាចខ្មែរ មានរចនាសម្ព័ន្ធដូចខាងក្រោម៖

១- សមាជ

២- ក្រុមប្រឹក្សាជាតិ (សមាជិកប្រតិភូតំណាងបក្សទាំងក្នុងនិងក្រៅប្រទេស)

៣- ក្រុមប្រឹក្សានយោបាយ (គណៈអចិន្ត្រៃយ៍)

៤- ក្រុមប្រឹក្សាអ្នកតំណាងរាស្ត្រ (គណៈនាយក)

៥- ក្រុមប្រឹក្សាអ្នកតំណាងមូលដ្ឋាន (ឃុំ-សង្កាត់)

ប្រការ ១៩៖

ទីស្នាក់ការគណបក្សដែលដឹកនាំសកម្មភាពនយោបាយប្រចាំថ្ងៃមាន ៣ ថា្នក់គឺ៖

១- ទីស្នាក់ការកណ្តាលជាថ្នាក់ជាតិ ដឹកនាំដោយ ប្រធាននិងអនុប្រធានគណបក្ស

២- ទីស្នាក់ការថ្នាក់ខេត្ត-រាជធានី ដឹកនាំដោយ ប្រធាននិងអនុប្រធានសាខា បណ្តាញ ប្រតិបត្តិ និង

៣- ទីស្នាក់ការថ្នាក់ឃុំ-សង្កាត់ ដឹកនាំដោយ​ ប្រធាននិងអនុប្រធានសាខាបណ្តាញ មូលដ្ឋាន

ការបង្កើត សាខាបណ្តាញប្រតិបត្តិ សាខាបណ្តាញមូលដ្ឋាន និងការគ្រប់គ្រង ចែង នៅក្នុង​ជំពូក ៦ ។

សមាជគណបក្ស

ប្រការ ២០៖

សមាជ ជាស្ថាប័នកំពូលរបស់ គណបក្សអំណាចខ្មែរ ដែលត្រូវចូលរួមដោយប្រតិភូអ្នក​តំណាងសមាជិក គណបក្ស នៅទូទាំងប្រទេសនិងមកពីក្រៅប្រទេស ។

សមាជ មានតួរនាទីនិងភារកិច្ចដូចតទៅ៖

១- កំណត់ទិសដៅនយោបាយសំខាន់ៗរបស់ គណបក្សដែលក្រុមប្រឹក្សាអ្នកតំណាង រាស្ត្រ (គណៈ នាយក) និងក្រុមប្រឹក្សាអ្នកតំណាងមូលដ្ឋាន (ឃុំ-សង្កាត់) ដាក់ស្នើជូន សម្រាប់ប្រគល់ឲ្យក្រុមប្រឹក្សានយោបាយ (គណៈអចិន្ត្រៃយ៍) យកទៅដឹកនាំការងារប្រចាំថ្ងៃ របស់គណបក្ស ។

២- អនុម័តលក្ខន្តិកៈ ឬធ្វើវិសោធនកម្មច្បាប់លក្ខន្តិកៈ

៣- ជ្រើសតាំងប្រធាន និងអនុប្រធាន

៤- ផ្តល់សេចក្តីទុកចិត្តដល់សមាសភាពក្រុមប្រឹក្សាជាតិ និងក្រុមប្រឹក្សាអ្នកតំណាង គ្រប់ ជាន់ថ្នាក់

សេចក្តីសម្រចរបស់សមាជត្រូវសម្រេចដោយការលើកដៃដោយមតិភាគច្រើនដាច់ខាត (៥០+១) ហើយ លើកលែងតែការអនុម័តលើការធ្វើវិសោធនកម្មច្បាប់លក្ខន្តិកៈ ដែលត្រូវ សម្រេចដោយសំឡេង ២ ភាគ ៣ ។

ប្រការ ២១៖

សមាជ មានពីរប្រភេទគឺ សមាជសមញ្ញ និងសមាជវិសមញ្ញ ។

១- សមាជសមញ្ញ ត្រូវធ្វើឡើងរៀងរាល់ ៥ ឆ្នាំម្តង ។ កាលបរិច្ឆេទ និងទីកន្លែងនៃ សមាជនេះត្រូវកំណត់​ដោយក្រុមប្រឹក្សានយោបាយ របស់គណបក្ស ។

២- សមាជវិសមញ្ញអាចធ្វើតាមការសម្រេចចិត្តរបស់ប្រធានដែលមានការគាំទ្រដោយ សំឡេង ២ ភាគ ៣ នៃសមាជិកក្រុមប្រឹក្សានយោបាយ (គណៈអចិន្ត្រៃយ៍) ទាំងមូលនិងអាច ធ្វើបានតាមសំណើ ២ ភាគ ៣ នៃសមាជិក ក្រុមប្រឹក្សាអ្នកតំណាងរាស្ត្រ (គណៈនាយក) ។

ក្រុមប្រឹក្សានយោបាយ (គណៈអចិន្ត្រៃយ៍) របស់គណបក្សមានភារកិច្ចកោះប្រជុំ និង រៀបចំសមាជ សមញ្ញ និងវិសមញ្ញ ហើយសមាជទាំងពីរប្រភេទនេះត្រូវតែ ប្រារព្ធឡើង នៅក្រោមអធិបតីភាពរបស់ប្រធានបក្ស ។ ការកោះអញ្ជើញសមាជិកគណបក្សមក ចូលរួមសមាជ ត្រូវធ្វើឡើងយ៉ាងតិច ១៥ ថ្ងៃជាមុនចំពោះ​សមាជ​សមញ្ញ និងយ៉ាងតិច ៧​ ថ្ងៃជាមុនចំពោះសមាជវិសមញ្ញ ដោយមានភ្ជាប់ជាមួយនូវរបៀបវារៈជាក់លាក់ ។

ក្រុមប្រឹក្សាជាតិ

ប្រការ ២២៖

ក្រុមប្រឹក្សាជាតិជាស្ថាប័នតំណាងរបស់គណបក្ស ដែលត្រូវធ្វើសន្និបាតជារៀងរាល់ ឆ្នាំម្តងតាមការកោះ ហៅរបស់ប្រធានក្រុមប្រឹក្សានយោបាយ ។

សមាជិកក្រុមប្រឹក្សាជាតិ គឺជាសមាជិកអ្នកតំណាងប្រតិភូរបស់គណបក្សគ្រប់​ជាន់ថ្នាក់ ទាំងក្នុងប្រទេស ក្រៅប្រទេស ។

ប្រការ ២៣៖

ត្រូវបានរាប់បញ្ចូលជាសមាជិកក្រុមប្រឹក្សាជាតិរួមមាន៖

១- សមាជិកក្រុមប្រឹក្សានយោបាយ (គណៈអចិន្ត្រៃយ៍)

២- សមាជិកក្រុមប្រឹក្សាអ្នកតំណាងរាស្ត្រ (គណៈនាយក)

៣- សមាជិកក្រុមប្រឹក្សាអ្នកតំណាងមូលដ្ឋាន (ឃុំ-សង្កាត់)

៤- បណ្តាញសាខាប្រតិបត្តិគ្រប់ខេត្ត (ប្រធាន អុនប្រធាន លេខាធិកា និងហិរញ្ញឹក)

៥- ប្រតិភូតំណាងចលនានានាដែលជាស្លាបនយោបាយរបស់គណបក្ស, និង

៦- ប្រតិភូតំណាងសាខាគណបក្សនៅក្រៅប្រទេស

ប្រការ ២៤៖

សន្និបាតក្រុមប្រឹក្សាជាតិធ្វើឡើងទៀងទាត់រៀងរាល់ ១ ឆ្នាំម្តង ដែលទីកន្លែង កាល បរិច្ឆេទ និងរបៀបវីរៈ​នៃសន្និបាតនេះត្រូវកំណត់ដោយក្រុមប្រឹក្សានយោបាយ (គណៈ អចិន្ត្រៃយ៍) ។ សន្និបាតនេះត្រូវធ្វើឡើង​ក្រោម អធិបតីភាពរបស់ប្រធានឬនៅក្រោម អធិបតីភាពរបស់អនុប្រធាន ដែលមានការផ្ទេរសិទ្ធិពី ប្រធានគណបក្សជា លាយលក្ខណ៍ អក្សរ ។

ប្រការ ២៥៖

សន្និបាតក្រុមប្រឹក្សាជាតិធ្វើឡើងរៀងរាល់ឆ្នាំដើម្បី៖

១- ពិនិត្យមើលលទ្ធផលសកម្មភាពនយោបាយ និងការងារប្រចាំឆ្នាំ របស់គណបក្ស

២- ពិនិត្យមើលផែនការ និងធ្វើកំណែទម្រង់យុទ្ធសាស្រ្តនយោបាយ របស់គណបក្ស

៣- វាយតំលៃកិច្ចការងាររបស់ក្រុមប្រឹក្សាតំណាងខេត្ត រាជធានី ឃុំ និងសង្កាត់

៥- រៀបចំយុទ្ធវិធីនយោបាយ និងផែនការសកម្មភាពនយោបាយសម្រាប់ឆ្នាំបន្ទាប់

រាល់សេចក្តីសម្រេចក្នុងសន្និបាតក្រុមប្រឹក្សាជាតិ ត្រូវសម្រេចអនុម័តដោយសំឡេង ភាគច្រើនដាច់ខាត (៥០+១) នៃអ្នក​មានវត្តមានចូលរួមក្នុងសន្និបាត ហើយកូរុំនៃអ្នកចូលក្នុង សន្និបាតត្រូវមានចំនួន ៣ ភាគ ៣ នៃ សមាជិកក្រុមប្រឹក្សាជាតិសរុប ។

ក្រុមប្រឹក្សានយោបាយ (គណៈអចិន្ត្រៃយ៍)

ប្រការ ២៦៖

ក្រុមប្រឹក្សានយោបាយ គឺជាស្ថាប័នអចិន្ត្រៃយ៍ និងជាស្ថាប័នដឹកនាំកំពូលរបស់ គណបក្ស ។

សមាជិកក្រុមប្រឹក្សានយោបាយ គឺជាក្រុមសមាជិកអ្នកស្ថាបនិកគំនិតនយោបាយដំបូង ជាមួយនឹងប្រធាន ចលនាអំណាចពលរដ្ឋខ្មែរ ដែលជាក្រុមអ្នកមានគំនិតផ្តួចផ្តើមបង្កើត គណបក្សអំណាចខ្មែរ ។

សមាជិកក្រុមប្រឹក្សានយោបាយ គឺជាអ្នកអនុវត្តន៍ច្បាប់ គោលការណ៍នយោបាយ បទ បញ្ញត្តិនានា របស់ គណបក្ស និងជាអ្នករៀបចំគំរោងផែនការធំៗដើម្បីដឹកនាំហើយ ដាក់ឲ្យ ស្ថាប័ន នានាដែលជាស្ថាប័នចំណុះរបស់ គណបក្សយកទៅអនុវត្តន៍ ។

ប្រការ ២៧៖

ក្រុមប្រឹក្សានយោបាយមានសមាជិកកំណត់ ២៥ រូប ដែល​មិនអាចបន្ថែមបានដាច់ខាត និងដែលដឹកនាំ​ដោយប្រធាន​១ រូប និងអនុប្រធាន ២ រូប ។

សមាសភាពក្រុមប្រឹក្សានយោបាយមានដូចតទៅ ៖

- ប្រធានគណបក្ស ១ រូប

- អនុប្រធានគណបក្ស ២ រូប

- ប្រធានគណៈកម្មការ ទី ១ បណ្តាញសាខាប្រតិបត្តិ (អ្នកនាំពាក្យ)

- ប្រធានគណៈកម្មការ ទី ២ ផែនការយុទ្ធនាការ និងតស៊ូគោលនយោបាយ (អ្នកនាំពាក្យ)

- ប្រធានគណៈកម្មការ ទី ៣ រដ្ឋបាល និងហិរញ្ញវត្ថុ

- ប្រធានគណៈកម្មការ ទី ៤ កិច្ចការបរទេស និងទំនាក់ទំនងអន្តរជាតិ

- ប្រធានគណៈកម្មការ ទី ៥ បណ្តាញចលនាពលរដ្ឋ (អ្នកនាំពាក្យ)

អនុគណៈកម្មការ ចលនាសហជីពនិងកម្មករ, អនុគណៈកម្មការ ចលនាយុវជននិងនិស្សិត,

អនុគណៈកម្មការ ចលនាស្ត្រី

- ប្រធានគណៈកម្មការ ទី​ ៦ ទំនាក់ទំនងវិស័យឯកជន និងអង្គការសង្គមស៊ីវិល

- ប្រធានគណៈកម្មការ ទី​ ៧ ព័ត៌មាន និងផ្សព្វផ្សាយ

- ប្រធានគណៈកម្មការ ទី ៨ ជនជាតិដើមភាគតិច

- ប្រធានគណៈកម្មការ ទី ៩ សភាពខ្មែរកម្ពុជាក្រោម

- នាយក ខុទ្ទការល័យគណបក្ស

- នាយក ខុទ្ទការល័យនិងអ្នកនាំពាក្យរបស់ប្រធានគណបក្ស

- អនុប្រធានគណៈកម្មការ

មុខងារនិងការទទួលខុសត្រូវរបស់ គណៈកម្មការសេនាធិការអចិន្ត្រៃទាំង ៩ ចែង​នៅ ក្នុងឧបសម្ព័ន្ធ ២ ។

ប្រការ ២៨៖

ប្រធានក្រុមប្រឹក្សានយោបាយ គឺជាប្រធានគណបក្ស គឺជាប្រធានអធិបតីគណបក្ស ដែលធ្វើការជាអ្នក ដឹកនាំចាត់ចែងនិងអនុវត្តន៍កិច្ចការងារប្រចាំថ្ងៃរបស់គណបក្ស ។

ប្រធានគណបក្ស មានអនុប្រធាន ២ រូប អមជាសមាជិកអធិបតីគណបក្ស ដើម្បី ជួយដឹកនាំកិច្ចការងារ ប្រចាំថ្ងៃរបស់គណបក្ស និងមានគណៈកម្មការជំនាញចំនួន ៩ ជាសេនាធិការអចិន្ត្រៃយ៍ ។

ប្រធានគណបក្ស មានខុទ្ទការល័យ មានអ្នកនាំពាក្យ មានក្រុមលេខា មានទីប្រឹក្សា និង មានអ្នកការពារ ផ្ទាល់ខ្លួន ហើយរាល់ការចំណាយជីវភាពរបស់ប្រធានគណបក្ស គឺជាបន្ទុក របស់គណបក្ស ។

ប្រការ ២៩៖

ក្រុមប្រឹក្សានយោបាយ គឺមានសិទ្ធិសម្រេចរាល់គ្រប់បញ្ហានៃការងារ​ចាំបាច់នានា របស់ គណបក្សដែលរួម ទាំងការដាក់ពិន័យ និងការបញ្ចប់នូវសមាជិកភាពរបស់សមាជិក គ្រប់ជាន់ថ្នាក់ ។

ក្រុមប្រឹក្សានយោបាយ គឺជាអ្នកប្រកាសទទួលស្គាល់នូវបេក្ខភាពនៃបេក្ខជនអ្នក ឈរឈ្មោះ តំណាងរាស្ត្រ បន្ទាប់ពីបេក្ខជនទទួលបានការលើកស្នើរបេក្ខភាពពីពលរដ្ឋ ៥០០០ នាក់ ពីក្នុងមណ្ឌល និងបានពិនិត្យផ្ទៀងផ្ទាត់ វាយតំលៃត្រឹមត្រូវពីប្រធាន ក្រុមប្រឹក្សា អ្នកតំណាងរាស្ត្រ និងគណៈកម្មការជំនាញ ។

សមាជិកក្រុមប្រឹក្សានយោបាយទាំង ២៥ រូបមានសិទ្ធិឈរឈ្មោះជាសមាជិក សភា តំណាង​រាស្ត្រ ដោយ មិនចាំបាច់មានការលើកស្នើបេក្ខភាពពីពលរដ្ឋ​ចំនួន ៥០០០ នាក់ ពីពលរដ្ឋនោះទេ ។

ប្រការ ៣០៖

ប្រសិនបើសមាជិកណាម្នាក់នៃក្រុមប្រឹក្សានយោបាយ ស្លាប់ ឬបាត់បង់សមាជិកភាព ដូចមានចែងក្នុង ប្រការ ១៣ ខាងលើនោះ បេក្ខជនជាសមាជិកក្រុមប្រឹក្សានយោបាយ ជំនួសដើម្បីបំពេញឲ្យគ្រប់ ២៥ រូប ត្រូវរើស ចេញពី៖

១- សមាជិកក្រុមប្រឹក្សាអ្នកតំណាងរាស្ត្រ (គណៈនាយក) ដែលមានអតីតៈភាព ធ្វើការបានយូជាងគេ មានសញ្ញាប័ត្រនិងមាន​បទពិសោធន៍នយោបាយខ្ពស់ជាងគេ មានគុណ សម្បត្តិក្នុងគណបក្សល្អជាងគេ និងមាន គុណធម៌ស្មោះត្រង់ជា​មួយជាតិ មាតុភូមិ និងពលរដ្ឋខ្មែរ ។

២- សមាជិកក្រុមប្រឹក្សាអ្នកតំណាងមូលដ្ឋាន (ឃុំ-សង្កាត់) ដែលមានអតីតៈភាព ធ្វើការយូជាងគេ មាន សញ្ញាប័ត្រនិងមាន​បទពិសោធន៍នយោបាយខ្ពស់ជាងគេ មានគុណ សម្បត្តិក្នុងគណបក្សបានល្អជាងគេ និងមាន គុណធម៌ស្មោះ ត្រង់ជា​មួយជាតិ មាតុភូមិ និងពលរដ្ឋខ្មែរ ។

សមាជិកក្រុមប្រឹក្សានយោបា ដែលចូលកាន់ដំណែងត្រូវធ្វើសច្ចាប្រណិធាន ស្បថ ការពារច្បាប់លក្ខន្តិកៈ វិន័យផ្ទៃក្នុង និងគោលការណ៍នយោបាយរបស់គណបក្ស ។

ប្រការ ៣១៖

ក្រុមប្រឹក្សានយោបាយត្រូវធ្វើការប្រជុំក្រោមអធិបតីភាពប្រធាន ជារៀងរាល់ ៣ ខែដើម្បីពិនិត្យលទ្ធផល និង វាយតំលៃការងារប្រចាំត្រីមាស រួចដាក់ផែនការណ៍ការងារ សម្រាប់ ត្រីមាសថ្មី ។

ក្រុមប្រឹក្សានយោបាយ ត្រូវយកសំណើពីក្រុមប្រឹក្សាអ្នកតំណាងរាស្ត្រ សំណើពីក្រុម ប្រឹក្សាអ្នកតំណាង មូលដ្ឋាននិងសំណើនានាពីគណៈកម្មការជំនាញ មកដាក់ចូលក្នុង របៀបវារៈប្រជុំ ដើម្បីដោះស្រាយនិងសម្រេច ។

ការសម្រេចអនុម័ត​របស់ក្រុមប្រឹក្សានយោបាយ ត្រូវមានសំឡេងភាគច្រើនដាច់ខាត (៥០+១) និងត្រូវ មានកូរ៉ុមចូលរួមប្រជុំយ៉ាងតិច​ចំនួន ២ ភាគ ៣ នៃ ចំនួនសមាជិកសរុប ២៥​ រូប ។

ប្រការ ៣២៖

អនុប្រធានគណបក្ស ១ រូប ជាប្រធានក្រុមប្រឹក្សាអ្នកតំណាងរាស្ត្រ​ របស់គណបក្ស ដែលទទួលបន្ទុក ដឹកនាំក្រុមប្រឹក្សាអ្នកតំណាងរាស្ត្រ ធ្វើការតាមគោលការណ៍នយោបាយ របស់គណបក្ស ។

អនុប្រធានគណបក្ស ១ រូប ជាប្រធានក្រុមប្រឹក្សាអ្នកតំណាងមូលដ្ឋាន របស់គណបក្ស ដែលទទួលបន្ទុក ដឹកនាំក្រុមប្រឹក្សាអ្នកតំណាងមូលដ្ឋាន ធ្វើការតាមគោលការណ៍នយោបាយ របស់គណបក្ស ។

អនុប្រធានគណបក្ស ១ រូប ក្នុងចំណោម ២ រូប នឹងទទួលសិទ្ធិជាប្រធានស្តីទី ដែល មានបុព្វសិទ្ធិដូច ប្រធាន ក្នុងករណីដែលប្រធានអវត្តមានហើយនឹងមានលិខិតផ្ទេរសិទ្ធិ ជា លាយលក្ខណ៍អក្សរពីប្រធាន ។

ក្រុមប្រឹក្សាអ្នកតំណាងរាស្ត្រ (គណៈនាយក)

ប្រការ ៣៣៖

ក្រុមប្រឹក្សាអ្នកតំណាងរាស្រ្ត គឺជាគណៈនាយករបស់គណបក្ស និងជាស្ថាប័ន នីតិបញ្ញត្តិ របស់គណបក្ស ដែលប្រធាននៃក្រុមប្រឹក្សានេះដឹកនាំដោយអនុប្រធាន ១ រូប របស់គណបក្ស ដើម្បីធានានូវការប្រព្រឹត្តិទៅនៃការ​ងារប្រចាំថ្ងៃនិងការងារទូទៅរបស់ ក្រុមប្រឹក្សា ។

ក្រុមប្រឹក្សាអ្នកតំណាងរាស្ត្រមាន​ភារកិច្ច ប្រជុំអនុម័តនូវបទបញ្ញត្តិនានារបស់គណបក្ស តាមការស្នើរបស់ គណៈកម្មការជំនាញ និងឬក៏ស្នើឡើងដោយក្រុមប្រឹក្សា​មូលដ្ឋាន តែគ្មាន អំណាចអនុម័តឬធ្វើវិសោធនកម្ម ច្បាប់លក្ខន្តិកៈ គោលការណ៍នយោបាយ និងវិន័យផ្ទៃក្នុង ទេ ។

បទបញ្ញត្តិនានាដែលបានក្រុមប្រឹក្សាអ្នកតំណាងរាស្ត្របានអនុម័តរួចហើយត្រូវ បញ្ជូន ទៅឲ្យប្រធានក្រុមប្រឹក្សា​នយោបាយចុះហត្ថលេខាទទួលស្គាល់ទើបមានសុពលភាពនិងចូល ជាធរមានដាក់ចេញឲ្យអនុវត្តន៍ ។

ក្រុមប្រឹក្សានយោបាយអាចបដិសេធ នូវបទបញ្ញត្តិដែលអនុម័តដោយក្រុមប្រឹក្សាអ្នក តំណាង រាស្រ្តវិញដែរ ប្រសិនបើពិនិត្យឃើញថា បទបញ្ញត្តិនោះវាផ្ទុយ​ពីគោលការណ៍ នយោបាយ វិន័យផ្ទៃក្នុង និងច្បាប់លក្ខន្តិកៈរបស់ គណបក្ស ។

សមាជិកក្រុមប្រឹក្សាអ្នកតំណាងរាស្រ្តមានភារកិច្ច ជាអ្នកផ្តល់យោបល់​ដល់ប្រធាន អនុប្រធានគណបក្ស និងគណៈកម្មការជំនាញរបស់គណបក្សក្នុង ការដឹកនាំនយោបាយ ប្រចាំថ្ងៃឲ្យមានប្រសិទ្ធិភាព និងមានសិទ្ធិស្នើ បង្កើតនូវបទបញ្ញត្តិផ្សេងៗដើម្បីទ្រទ្រង់ គោលនយោបាយរបស់គណបក្ស ។

ប្រការ ៣៤៖

ក្រុមប្រឹក្សាអ្នកតំណាងរាស្ត្រ មានចំនួន ១២៥ រូប ដែលស្មើនឹងចំនួនសមាជិក សភាជាតិ ។

សមាជិក ២៥ រូបជា​សមាជិកអចិន្ត្រៃយ៍ មកពីក្រុមប្រឹក្សានយោបាយ និងសមាជិក ១០០ រូបទៀតជា សមាជិកមិនអចិន្ត្រៃយ៍ដែលស្នើ បេក្ខភាពពីពលរដ្ឋតាម លក្ខខ័ណ្ឌ ឈរឈ្មោះ មកពីបណ្តាខេត្ត-រាជធានីទាំង ២៥ ទូទាំងប្រទេស ។

ក្រុមប្រឹក្សាអ្នកតំណាងរាស្ត្រ មានសមាជិកបម្រុង ១២៥ រូប ដែលបោះឆ្នោតរើស ចេញពីសាខាបណ្តាញ ប្រតិបត្តិ​ខេត្ត-រាជធានី ទាំង ២៥ ។

សមាជិកក្រុមប្រឹក្សាអ្នកតំណាងរាស្រ្ត ដែលឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ ត្រូវ ធ្វើការ សហការឲ្យ​បានសកម្មជាមួយនឹងសមាជិកក្រុមប្រឹក្សាមូលដ្ឋាន ក្នុងឃុំ-សង្កាត់ នៃ មណ្ឌលរបស់ខ្លួនដើម្បីធ្វើយុទ្ធនាការរួមជា​មួយគ្នាក្នុងទិសដៅបម្រើពលរដ្ឋ និងបម្រើជាតិ ។

សមាជិកក្រុមប្រឹក្សាអ្នកតំណាងរាស្រ្ត ដែលឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ មាន សិទ្ធិបង្កើតក្រុមការ​ងារជំនួយការឃោសនាធ្វើយុទ្ធនាការនយោបាយ តែត្រូវសុំការទទួល ស្គាល់ពីប្រធានក្រុមប្រឹក្សា ។

ប្រការ ៣៥៖

ក្រុមប្រឹក្សាអ្នកតំណាងរាស្រ្ត ត្រូវធ្វើការសម្របសម្រួលរការយុទ្ធនាការនយោបាយវាង បេក្ខជនអ្នកឈរ​ឈ្មោះជាតំណាងស្ត្រ ជាមួយនឹងសមាជិកក្រុមប្រឹក្សាអ្នកតំណាងមូលដ្ឋាន ដើម្បីធានានូវការអនុវត្តន៍ឲ្យបានត្រឹម​ត្រូវនូវគោលនយោបាយ តែមួយរបស់គណបក្សគឺ បេសកម្មកម្មរួម ភាសារួម និងសកម្មភាពរួម ។

ក្រុមប្រឹក្សាអ្នកតំណាងរាស្ត្រ ជាអ្នកពិនិត្យនិងទទួលស្គាល់បេក្ខភាពអ្នកឈរឈ្មោះ សមាជិកក្រុមប្រឹក្សា ឃុំ-សង្កាត់ បន្ទាប់ពីបេក្ខជនម្នាក់ៗទទួលបានការស្នើបេក្ខភាពពី ពលរដ្ឋ ចំនួន ១៥០ នាក់ ពីក្នុងឃុំ-សង្កាត់ ដែល ពួកគាត់ចង់ឈរឈ្មោះ ។

បន្ទាប់ពីទទួលបាននិងពិនិត្យនូវបញ្ជីបេក្ខជនអ្នកឈរឈ្មោះជា សមាជិក្រុមប្រឹក្សា ឃុំ-សង្កាត់ រួចហើយ ប្រធានក្រុមប្រឹក្សាអ្នកតំណាងរាស្រ្ត ត្រូវជូនដំណឹងទៅឲ្យ ក្រុមប្រឹក្សា នយោបាយរួចធ្វើការប្រកាស់នូវបញ្ជីឈ្មោះ របស់បេក្ខជនឃុំ-សង្កាត់ ដោយទទួលស្គាល់ជាផ្លូវ ការណ៍ឲ្យបានលឿនបំផុត ។

ប្រការ ៣៦៖

ក្រុមប្រឹក្សាអ្នកតំណាងរាស្ត្រត្រូវប្រជុំជារៀងរាល់ខែ ដើម្បីត្រួតពិនិត្យការងារប្រចាំថ្ងៃ របស់ សមាជិក​អ្នក​ឈរឈ្មោះបេក្ខជនតំណាងរាស្ត្រ ពិនិត្យសំណើររបស់របស់ក្រុមប្រឹក្សា អ្នកតំណាងឃុំ-សង្កាត់ ពិនិត្យដោះស្រាយ នូវ​បញ្ហារបស់ពលរដ្ឋទូទាំងប្រទេសដែល ពលរដ្ឋស្នើសុំអន្តរាគមន៍ និងដាក់សំណើទៅកាន់ក្រុមប្រឹក្សានយោបាយ ដើម្បីធ្វើសកម្មភាព តស៊ូមតិថ្នាក់ជាតិ ទាមទារនិងដោះស្រាយជូនពលរដ្ឋ ។

ការអនុម័តនិងសម្រេចរបស់ក្រុមប្រឹក្សាអ្នកតំណាងរាស្ត្រ ត្រូវមានសំឡេងភាគ ច្រើន ដាច់ខាត (៥០+១) និងត្រូវមានកូរុំចូលរួមប្រជុំចំនួន ២ ភាគ ៣ នៃសមាជិកសរុប ១២៥ នាក់ ។ បើមានការស្នើឡើងពីសមាជិក ១ ភាគ ៣ នោះប្រធានក្រុមប្រឹក្សា​អ្នកតំណាងរាស្ត្រ អាចធ្វើ ការកោះប្រជុំបន្ទាន់ដើម្បីដោះស្រាយតាមការចាំបាច់ ។

សមាជិកបម្រុងរបស់ក្រុមប្រឹក្សាអ្នកតំណាងរាស្ត្រទាំង ១២៥ នាក់មានសិទ្ធិចូលរួមប្រជុំ ឲ្យយោបល់ តែ​គ្មានសិទ្ធិបោះឆ្នោតសម្រេចទេ ។

ក្រុមប្រឹក្សាអ្នកតំណាងមូលដ្ឋាន (ឃុំ-សង្កាត់)

ប្រការ ៣៧៖

ក្រុមប្រឹក្សាអ្នកតំណាងមូលដ្ឋាន ជាសភាមូលដ្ឋានរបស់គណបក្សដែលតំណាងដោយ សមាជិកយ៉ាងតិច ចំនួន​ ១៦៣៣ នាក់​ស្មើនឹងចំនួនឃុំ-សង្កាត់សរុបទូទាំងប្រទេស ហើយ ក្រុមប្រឹក្សានេះដឹកនាំដោយអនុប្រធាន ១ រូប របស់គណបក្ស ដើម្បីធានានូវការ ប្រព្រឹត្តិ ទៅនៃការ​ងារប្រចាំថ្ងៃនិងការងារទូទៅរបស់ក្រុមប្រឹក្សា ។

ក្រុមប្រឹក្សាមូលដ្ឋាន មានភារកិច្ចអនុវត្តគោលការណ៍នយោបាយជាយុទ្ធសាស្រ្ត របស់ គណបក្ស ឲ្យបាន​ជ្រាបដល់ពលរដ្ឋមូលដ្ឋាន និងជាអ្នកស្រង់យកយោបល់ ស្រង់យកបញ្ហា​របស់ពលរដ្ឋមកដាក់ជូនក្រុមប្រឹក្សាអ្នក​តំណាងរាស្រ្ត ធ្វើការដោះស្រាយ ។

សមាជិកក្រុមប្រឹក្សាមួលដ្ឋាន មានភារកិច្ចចូលរួមនូវរាល់សកម្មភាពរបស់ ពលរដ្ឋ មូលដ្ឋាន ធ្វើការងារឲ្យ​បានសកម្មជាមួយនឹងពលរដ្ឋ ដើម្បីសក្តិសមជាអ្នកបម្រើ និងជាអ្នក តំណាងរបស់ពលរដ្ឋ ។

ប្រការ ៣៨៖

សមាជិកក្រុមប្រឹក្សាមូលដ្ឋាន ត្រូវធ្វើការប្រជុំរៀងរាល់ ១ ខែ ម្តងនៅថ្នាក់ មូលដ្ឋាន ឃុំ-សង្កាត់ ដើម្បីធ្វើ ការពិនិត្យវាយតំលៃ​និងដាក់ផែនការថ្មីៗសម្រាប់សមាជិក ក្រុមប្រឹក្សា យកទៅអនុវត្តន៍ ហើយនិងធ្វើរបាយផ្ញើរជូន ប្រធានក្រុមប្រឹក្សាអ្នកតំណាងមូលដ្ឋាន ឲ្យបាន ជ្រាប ។

សមាជិកក្រុមប្រឹក្សាមូលដ្ឋានគ្រប់ឃុំ-សង្កាត់ ត្រូវធ្វើការសហការជាមួយគ្រប់ គណៈកម្មការ ជំនាញដែល​ជាសេនាធិការអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សានយោបាយ និងគ្រប់ សមាជិកក្រុមប្រឹក្សាអ្នកតំណាងរាស្រ្តដែលជាអ្នក​ឈរឈ្មោះបេក្ខជនតំណាងរាស្ត្រ ដើម្បី ជំរុញកិច្ចការថ្នាក់មូលដ្ឋានឲ្យមានខ្លាំងក្លា ។

ប្រការ ៣៩៖

ក្រុមប្រឹក្សាអ្នកតំណាងមូលដ្ឋាន មានសិទ្ធិធ្វើញ្ញត្តិបន្ទោសថ្នាក់ដឹកនាំគណបក្ស និង មានសិទ្ធិស្នើរដកនូវ​បេក្ខភាពរបស់បេក្ខជនអ្នកឈរឈ្មោះ ទាំងបេក្ខជនអ្នកតំណាងរាស្រ្ត និង បេក្ខជនអ្នកតំណាងឃុំ-សង្កាត់ ។

សិទ្ធិសំដែងមតិ សិទ្ធិធ្វើបាតុកម្មតវ៉ា និងសិទ្ធិមូលដ្ឋានដ៏ទៃទៀតស្របតាមលទ្ធិ ប្រជាធិបតេយ្យរបស់ក្រុម​ប្រឹក្សាមូលដ្ឋាន ដែលធ្វើការតវ៉ាទៅក្រុមប្រឹក្សានយោបាយ ឬ ទៅក្រុមប្រឹក្សាអ្នកតំណាងរាស្រ្ត ឬក៏ទៅថ្នាក់ដឹកនាំ​គ្រប់ជាន់ថ្នាក់របស់គណបក្សនោះ គឺក្រុម ប្រឹក្សានយោបាយ ក្រុមប្រឹក្សាអ្នកតំណាងរាស្រ្តនិងថ្នាក់ដឹកនាំគណបក្ស គ្រប់ជាន់ថ្នាក់ត្រូវតែ ទទួលយកមកពិនិត្យនិងដោះស្រាយ ។

ប្រការ ៤០៖

សមាជិកក្រុមប្រឹក្សាអ្នកតំណាងមូលដ្ឋានចំនួន ៦ ភាគ ១០ នៃចំនួនសមាជិកសរុប ២៦៣៣ នាក់ នៅ ទូទាំងប្រទេសមានសិទ្ធិរំលាយក្រុមប្រឹក្សាអ្នកតំណាងរាស្រ្ត តាមរយៈ សន្និបាតពិសេសដែលដឹកនាំដោយប្រធាន ក្រុមប្រឹក្សាអ្នកតំណាងមូលដ្ឋាន និងដែលមានការ ឯកភាពយល់ព្រមពីក្រុមប្រឹក្សានយោបាយ ។

បន្ទាប់ពីក្រុមប្រឹក្សាអ្នកតំណាងមូលដ្ឋាន ប្រើសិទ្ធិក្នុងសន្និបាតពិសេសរំលាយ ក្រុម ប្រឹក្សាអ្នកតំណាង​រាស្រ្ត ក្នុងរយៈពេល ១៥ ថ្ងៃយ៉ាងយូ ប្រធានក្រុមប្រឹក្សា នយោបាយ ត្រូវតែតាំង អនុប្រធានម្នាក់ឲ្យចាត់ចែងរៀបចំ ជ្រើសរើសសមាជិកក្រុមប្រឹក្សាអ្នក តំណាងរាស្រ្តឡើងវិញ ឲ្យស្របតាមគោលការណ៍ និងច្បាប់លក្ខន្តិកៈ ។

ជំពូក ៦

អំពីសាខាបណ្តាញប្រតិបត្តិ និងសាខាបណ្តាញមូលដ្ឋាន

ប្រការ ៤១៖

សាខាបណ្តាញប្រតិបត្តិខេត្ត-រាជធានី និងសាខាបណ្តាញមូលដ្ឋានឃុំ-សង្កាត់ បង្កើត និង គ្រប់គ្រងដោយ​គណៈកម្មការបណ្តាញប្រតិបត្តិ ដែលជាគណៈកម្មការទី ១ របស់ គណបក្ស ។

ប្រធាន គណៈកម្មការបណ្តាញប្រតិបត្តិ ជាអ្នកជ្រើសរើសក្រុមការងារសាខា បណ្តាញ ប្រតិបត្តិថ្នាក់ខេត្ត-​រាជធានី រួចរៀបចំសមាសភាពថ្នាក់ដឹកនាំដែលរួមមាន ប្រធាន ១ រូប អនុប្រធាន ២ រូប និងសមាជិកទទួលបន្ទុក​តាមជំនាញ រួចដាក់ជូនក្រុមប្រឹក្សានយោបាយ ដើម្បីសុំការតែងតាំងពីប្រធាន គណបក្ស ។

ដោយមានការឯកភាពពីសមាជិកក្រុមប្រឹក្សាមូលរដ្ឋាន សាខាបណ្តាញប្រតិបត្តិ ខេត្ត-រាជធានី រៀបចំនូវ​សមាសភាពថ្នាក់ដឹកនាំបណ្តាញមូលដ្ឋានឃុំ-សង្កាត់​ដែលរួមមាន ប្រធាន ១ រូប អនុប្រធាន ២ រូប និងសមាជិក​ទទួលបន្ទុក រួចដាក់ជូន គណៈកម្មការ បណ្តាញប្រតិបត្តិ ដើម្បីសុំការតែងតាំងពីប្រធានក្រុមប្រឹក្សាអ្នកតំណាង​មូលដ្ឋាន ។

ប្រការ ៤២៖

គណៈកម្មការបណ្តាញប្រតិបត្តិ ធ្វើការទទួលខុសត្រូវចំពោះមុខ ក្រុមប្រឹក្សា នយោបាយ ក្រុមប្រឹក្សាអ្នក​តំណាងរាស្រ្ត ក្រុមប្រឹក្សាអ្នកតំណាងមូលដ្ឋាន និងគណៈកម្មការ ជំនាញ ជាសេនាធិការទាំង ៩ ។

គណៈកម្មការបណ្តាញប្រតិបត្តិ ដឹកនាំការងារប្រចាំថ្ងៃនិងចង្អុលទិសនយោបាយ ដល់សាខា បណ្តាញ​ប្រតិបត្តិខេត្ត-រាជធានី និងសាខាបណ្តាញមូលដ្ឋាន ទូទាំងប្រទេស ស្របតាមការងារទទួលខុសត្រូវដូចមានចែង​នៅក្នុង ឧបសម្ព័ន្ធទី ២ ។

គណៈកម្មការបណ្តាញប្រតិបត្តិ ត្រូវចុះមូលដ្ឋានខេត្ត-រាជធានី ឃុំ-សង្កាត់ ពិនិត្យ ការងារជាក់ស្តែងរបស់​សាខាប្រតិបត្តិ និងសាខាមូលដ្ឋាន ហើយធ្វើរបាយការណ៍ដាក់ ជូន ក្រុមប្រឹក្សានយោបាយអំពីលទ្ធផល ។

ជំពូក ៧

អំពីធនធានរបស់ គណបក្ស

ប្រការ ៤៣៖

ធនធានរបស់ គណបក្សអំណាចខ្មែរ បានមកពី

១- វិភាគទានរបស់សមាជិក

២- អំណោយពីគ្រប់មជ្ឈដ្ឋានដែលស្របច្បាប់

៣- ការលក់ផលិតផលនានាដែលផលិតដោយគណបក្ស និង

៤- សកម្មភាពរៃអង្គាសពីកម្មវិធីនានាដែលស្របច្បាប់

ប្រការ ៤៤៖

ធនធាននិងថវិការរបស់ គណបក្ស គ្រប់គ្រងដោយ គណៈកម្មាការរដ្ឋបាល និង ហិរញ្ញវត្ថុ ដែលបំពេញ​មុខងារនិងការទទួលខុសត្រូវដូចមានចែងក្នុង ឧបសម្ព័ន្ធ ២ ។

ក្រុមប្រឹក្សានយោបាយ ជ្រើសរើស ឬជួលក្រុមស្នងការគណនេយ្យឯករាជ្យ ដើម្បីធ្វើ ការត្រួតពិនិត្យនូវ​ភាពមិនប្រក្រតីនៃបញ្ជីចំណូល ចំណាយ នៃ គណៈកម្មការរដ្ឋបាល និង ហិរញ្ញវត្ថុ ។

ជំពូក ៨

ការកែប្រែលក្ខន្តិកៈ និងការរំលាយគណបក្ស

ប្រការ ៤៥៖

សមាជគណបក្ស គឺជាស្ថាប័នតែមួយគាត់ ដែលមានសមត្ថកិច្ចធ្វើវិសោធនកម្មច្បាប់ លក្ខន្តិកៈ ឬរំលាយ​គណបក្ស ។

ការកោះប្រជុំសមាជ ក្នុងគោលបំណងកែប្រែលក្ខន្តិកៈ ឬរំលាយគណបក្ស ត្រូវមានការ យល់ព្រមដោយ​សំឡេង ៤ ភាគ ៥ នៃសមាជិកក្រុមប្រឹក្សានយោបាយ ឬក៏មានការយល់ព្រម ភាគច្រើនដោយសំឡេង ២ ភាគ ៣ នៃសមាជិកក្រុមប្រឹក្សាអ្នកតំណាងរាស្រ្ត ហើយត្រូវ មានការឯកភាពយល់ព្រមពីប្រធាន និងអនុប្រធានទាំង ២ របស់គណបក្ស ។

ប្រការ ៤៦៖

ករណី គណបក្សត្រូវរំលាយ ទ្រព្យសម្បត្តិទាំងអស់ គណបក្ស បន្ទាប់ពីមានការ ជម្រះ បញ្ជីជំពាក់រួចរាល់​​ផ្នែកដែលនៅសេសសល់ត្រូវប្រគល់ជូនអង្គការមនុស្សធម៌នានា ដែល ធ្វើការ ចុះបញ្ជីស្របច្បាប់ក្នុងប្រទេសខ្មែរ និងដែលកំណត់រើសដោយសមាជចុងក្រោយរបស់ គណបក្ស ។

ជំពូក ៩

អវសានប្បញ្ញត្តិ

ប្រការ ៤៧៖

បទបញ្ញត្តិ និងលិខិតបទដ្ឋាននានារបស់គណបក្ស ត្រូវស្របតាមច្បាប់លក្ខន្តិកៈ និង គោលនយោបាយ​របស់គណបក្ស ដាច់ខាត ។

ប្រការ ៤៨៖

ប្រធាន ឬប្រធានស្តីទីរបស់គណបក្ស ជាអ្នកចុះហត្ថលេខាលើលិខិតបទដ្ឋានផ្លូវការ នានារបស់គណបក្ស និង​មានសិទ្ធិប្រើត្រារបស់គណបក្ស ។

ប្រការ ៤៩៖

ប្រធានគណៈកម្មការ អ្នកនាំពាក្យ នាយកខុទ្ទការល័យ មានសិទ្ធិប្រើប្រាស់សន្លឹក លិខិតដែលមានសញ្ញា​គណបក្ស ចុះហត្ថលេខាលើសេចក្តីប្រកាសព័ត៌មាននានា តែគ្មាន សិទ្ធិប្រើត្រារបស់គណបក្សនោះទេ ។

ប្រការ ៥០៖

លក្ខន្តិកៈនេះត្រូវតែអនុម័តដោយសមាជលើកទី ១ របស់គណបក្ស ហើយត្រូវបញ្ជូន ទៅដំកល់ទុកនៅ​ក្រសួងមហាផ្ទៃតាមច្បាប់ស្តីពី គណបក្សនយោបាយ ។

លក្ខន្តិកៈនេះចូលជាធរមាន ចាប់ពីថ្ងៃចុះហត្ថលេខាដោយប្រធានគណបក្ស ។

ថ្ងៃទី………….ខែ ………..ឆ្នាំ ២០១៥

ប្រធាន គណបក្សអំណាចខ្មែរ

សួន សេរីរដ្ឋា

 

ឧបសម្ព័ន្ធទី ១

អត្ថន័យរូបសញ្ញាគណបក្ស

– បុព្វបុរសខ្មែរសម័យអង្គរ (មិនមែនជាព្រះតំណាងសាសនានិង មិនមែនជា មហាក្សត្រអង្គណាឡើយ) លោកឈរ​លើបល្ល័ង្គកន្ទុយនាគរបស់ស្តេចនាគរាជ លើកដៃស្តាំ ក្តាប់ឡើងលើ តំណាងឲ្យនិមិត្តសញ្ញានៃអំណាច ពលរដ្ឋខ្មែរ និងដៃឆ្វេងកាន់នូវ​​ក្បួន ច្បាប់សាស្ត្រាស្លឹករឹត តំណាងឲ្យអំណាចនៃការអនុវត្តន៍ច្បាប់នៅទូទាំង ប្រទេស ដើម្បីឲ្យ ប្រទេសក្លាយជានិតិរដ្ឋ ។

– ស្តេចនាគរាជមានក្បាល ៣ ញីឈ្មោលមួយគូ ដែលពេនដងខ្លួនជាបល្ល័ង្ក ឲ្យបុព្វបុរសសម័យអង្គរ​ឈរពីលើនោះ ជាតំណាងឲ្យពូជពង្សជាតិខ្មែរទាំង ខ្មែរលើ ខ្មែរកណ្តាល​ ខ្មែរក្រោម ដែលមានកំណើតពីពូជនាគ តាំងពីសម័យនគរគោកធ្លក ។

– ផ្ទៃបៃតងនៅកណ្តាល តំណាងឲ្យថាមពលនៃអំណាចច្បាប់ធម្មជាតិដែលផ្តល់ ឲ្យជីវិតមនុស្សគ្រប់គ្នា រស់រានមានជីវភាពសមរម្យ និងមានសេរីភាពក្នុង ការគិត ការនិយាយ និងការធ្វើសកម្មភាពនយោបាយ ។

– ផ្ទៃក្រហម ១ ភាគ ៤ នៃ រង្វង់ដែលមានរូបសត្វឥន្ទ្រីយ៍ស តំណាងឲ្យអ្នក នាំសារដើម្បីសេរីភាព លទ្ធិប្រជាធិបតេយ្យ និងជាសម្ព័ន្ធនៃប្រទេសលោកសេរី ។ ផ្ទៃពណ៌ខៀវ ៣ ភាគ ៤ នៃរង្វង់ខាងលើមានផ្កាយស ​ចំនួន ៣ តំណាងឲ្យភូមិភាគទឹកដី អតីតៈខ្មែរមហានគរគឺ កម្ពុជាខាងលើ កម្ពុជាកណ្តាល និងកម្ពុជាខាងក្រោម ។

– ខ្សែរង្វង់ពណ៌ស និងពណ៌បៃតង តំណាងឲ្យច្បាប់អន្តរជាតិ ច្បាប់ជាតិ និងច្បាប់ ធម្មជាតិ ដែល​ការពារ សិទ្ធិសេរីភាពរបស់ពលរដ្ឋ និងផ្តល់យុត្តិធម៌ក្នុងសង្គមជាតិ ។

ឧបសម្ព័ន្ធទី ២

មុខងារទទួលខុសត្រូវរបស់គណៈកម្មការ សេនាធិការអចិន្ត្រៃយ៍

គណៈកម្មការ ទី ១

គណៈកម្មការបណ្តាញសាខាប្រតិបត្តិ

  • ជាសេនាធិការអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សានយោបាយ ទទួលបន្ទុកគ្រប់គ្រងនិងដឹកនាំ សាខាបណ្តាញប្រតិបត្តិ​និងសាខាបណ្តាញមូលដ្ឋានក្នុងនាមក្រុមប្រឹក្សានយោបាយ ។ ប្រធាន គណៈកម្មការសាខាបណ្តាញប្រតិបត្តិគឺជា​អ្នកនាំពាក្យរបស់គណបក្ស ។
  • ជាអ្នកជ្រើសរើសនិងស្នើតែតាំង សមាសភាពក្រុមការងារសាខាបណ្តាញប្រតិបត្តិ ខេត្ត-រាជធានី និងសាខា​បណ្តាញមូលដ្ឋានឃុំ-សង្កាត់ ទៅកាន់ក្រុមប្រឹក្សានយោបាយ ។
  • ជាអ្នកទទួលបញ្ជីប្រវត្តិរូប ផ្ទៀងផ្ទាត់ជីវប្រវត្តិលំអិតរបស់បេក្ខជនអ្នកឈរឈ្មោះជា តំណាងរាស្រ្ត ហើយដាក់ជូន​ក្រុមប្រឹក្សាអ្នកតំណាងរាស្រ្តពិនិត្យ ដើម្បីបញ្ជូនឲ្យក្រុមប្រឹក្សា នយោបាយប្រកាស់ទទួលស្គាល់ ។
  • និងធ្វើកិច្ចការផ្សេងៗទៀតតាមការប្រគល់ជូនពីក្រុមប្រឹក្សានយោបាយ ក្រុមប្រឹក្សាអ្នក តំណាងរាស្រ្ត និងក្រុម​ប្រឹក្សាអ្នកតំណាងមូលរដ្ឋាន ។

គណៈកម្មការ ទី ២

គណៈកម្មការផែនការយុទ្ធនាការ និងតស៊ូគោលនយោបាយ

  • ជាសេនាធិការអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សានយោបាយ ទទួលបន្ទុកតស៊ូមតិផ្នែកច្បាប់ និង តស៊ូគោលនយោបាយ​របស់គណបក្ស ។ ប្រធានគណៈកម្មការផែនការយុទ្ធនាការនិងតស៊ូ គោលនយោបាយជាអ្នកនាំពាក្យរបស់បក្ស ។
  • ជាអ្នកតាមឃ្លាំមើលការអនុវត្តន៍ច្បាប់របស់រដ្ឋាភិបាល ការបង្កើតនិងអនុម័តច្បាប់របស់សភា ការកាត់ក្តីរបស់ តុលាការ និងជាតំណាងរបស់ក្រុមប្រឹក្សានាយកក្នុងការ រៀបចំបណ្តឹង តវ៉ានានារបស់គណបក្ស ។
  • ធ្វើការជាមួយនឹងទីប្រក្សាច្បាប់ ទីប្រឹក្សាបច្ចេកទេសនានាក្នុងមានគណបក្ស ដើម្បីជំរុញ ឲ្យមាន ការអនុវត្តន៍​ឲ្យ​បានត្រឹមត្រូវនិងមាយុត្តិធម៌ដល់ពលរដ្ឋ ។

គណៈកម្មការ ទី ៣

គណៈកម្មការ រដ្ឋបាលនិងហិរញ្ញវត្ថុ

  • ជាសេនាធិការអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សានយោបាយ ទទួលបន្ទុកគ្រប់គ្រងកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុរបស់​គណបក្ស និងសហការដឹកនាំលេខាធិការដ្ឋានកណ្តាល ជាមួយនឹងនាយក ខុទ្ទការល័យរបស់គណបក្ស ។
  • ទទួលថវិការជំនួយពីបរទេស ពីសប្បុរសជន និងពីគ្រប់មជ្ឈដ្ឋាន ចូលគណបក្ស និងរៀបចំ គោលនយោបាយ​សម្រាប់គ្រប់គ្រងហិរញ្ញវត្ថុក្នុងគណបក្ស ដើម្បីដាក់ជូនក្រុមប្រឹក្សា នយោបាយ អនុម័ត ។
  • ទទួលថវិការជំនួយពីបរទេស ពីសប្បុរសជន និងពីគ្រប់មជ្ឈដ្ឋាននានា ដែលជួយដល់ សកម្មភាពនៃយុទ្ធនាការ​របស់បេក្ខជនទាំងអស់របស់ គណបក្ស ។
  • ដឹកនាំការិយាល័យរដ្ឋបាល ការិយាល័យហិរញ្ញវត្ថុ ការិយាល័យលេខានិងជំនួយការ ការិយាល័យបុគ្គលិកនិង​អ្នកស្ម័ក្រចិត្ត ការិយាល័យពិធីការ ការិយាល័យសន្តិសុខ ការិយាល័យសេវ៉ាកម្មបច្ចេកទេសនិងអប់រំ ការិយាល័យ ផលិតកម្ម និងការិយាល័យផ្សេងៗ ទៀតតាមការប្រគល់ភារកិច្ចឲ្យ​ដោយក្រុមប្រឹក្សានយោបាយ ។
  • ធ្វើកិច្ចការជំនួយការទូទៅរបស់ ក្រុមប្រឹក្សានយោបាយ ក្រុមប្រឹក្សាអ្នកតំណាងរាស្រ្ត ក្រុមប្រឹក្សាមូលដ្ឋាន និង​គណៈកម្មាការជំនាញទាំងអស់ ។

គណៈកម្មការ ទី ៤

គណៈកម្មកាកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

  • ជាសេនាធិការអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សានយោបាយ ទទួលបន្ទុកកិច្ចការបរទេសនិង សហប្រតិបត្តិការអន្តរជាតិ តំណាងឲ្យក្រុមប្រឹក្សានយោបាយ លើឆាកអន្តរជាតិ ។
  • ធ្វើការជាមួយទីប្រឹក្សាបរទេស ស្វែងរកការគាំទ្រពីប្រទេសមហាអំណាចសេរី ដើម្បីជួយ គាំទ្រនយោបាយរបស់​គណបក្សឲ្យមានសំឡេងនៅលើឆាកអន្តរជាតិ ដើម្បីជាបង្អែកសម្រាប់ ក្រុម អ្នកសកម្មជនធ្វើការតស៊ូមតិនិងតស៊ូ​នយោបាយនៅក្នុងប្រទេស ។
  • គណៈកម្មការនេះ តាំងនៅបរទេសក្នុងប្រទេសសហរដ្ឋអាមេរិក អឺរ៉ុប និងប្រទេសនានា ដែលជាសម្ព័ន្ធមិត្តសេរី នៃប្រទេសប្រជាធិបតេយ្យសេរី ។

គណៈកម្មការ ទី ៥

គណៈកម្មការ បណ្តាញចលនាពលរដ្ឋ

  • ជាសេនាធិការអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សានយោបាយ ទទួលបន្ទុកបង្កើតបណ្តាញចលនា ពលរដ្ឋក្នុងអាជីពនានា​​នៅក្នុងប្រទេសឲ្យចូលរួមក្នុងជីវភាពនយោបាយជាមួយនឹងគណបក្ស ដើម្បីការផ្លាស់ប្តូរ ។
  • គ្រប់គ្រងដឹកនាំ អនុគណៈកម្មការ ចលនាសហជីពនិងកម្មករ, អនុគណៈកម្មការ ចលនា យុវជននិងនិស្សិត, និងអនុគណៈកម្មការ ចលនាស្ត្រី របស់គណបក្ស ។ អនុគណៈកម្មការ នីមួយៗ ទាំង ៣ ខាងលើមានសកម្មភាព​​អប់រំសិទ្ធិនយោបាយ និងការពារសិទ្ធិសមាជិក របស់ខ្លួន ។
  • ធ្វើការសហការជាមួយគ្រប់ផ្នែក គ្រប់សេនាធិការអចិន្ត្រៃយ៍ ក្រោមការចង្អុលទិស របស់ក្រុមប្រឹក្សានយោបាយ​ដើម្បីពង្រីកសកម្មភាពចលនាពលរដ្ឋ ទូទាំងប្រទេស ឲ្យហ៊ានប្រើ សិទ្ធិនិងអំនាចរបស់ខ្លួន ។
  • ប្រធាននិងអនុប្រធានទាំង ៣ របស់គណៈកម្មការ ជាអ្នកនាំពាក្យរបស់គណបក្ស សម្រាប់ ចលនាពលរដ្ឋ ។

គណៈកម្មការ ទី​ ៦

គណៈកម្មការ ទំនាក់ទំនងវិស័យឯកជន និងអង្គការសង្គមស៊ីវិល

  • ជាសេនាធិការអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សានយោបាយ ទទួលបន្ទុក ទំនាក់ទំនងសាធារណៈ វិស័យ​ឯកជន និង​អង្គការសង្គមស៊ីវិល ដើម្បីកសាងភាពជាដៃគូរ តស៊ូមតិ ស្វែងរក យោបល់ និងអនុសាសន៍ ។
  • រៀបចំឲ្យមានជំនួបរវាងវិស័យឯកជន អង្គការសង្គមស៊ីវិល ជាមួយនឹងមន្រ្តីគណបក្ស ដើម្បីស្វែងរកចំណុចរួម ធ្វើសកម្មភាពរួម ដែលមានគោលដៅបម្រើជាតិនិងពលរដ្ឋដូចគ្នា ។
  • ផ្តួចផ្តើមគំនិតឲ្យមានសមាជរវាងអង្គការសង្គមស៊ីវិល គណបក្សនយោបាយ និងពលរដ្ឋ ដើម្បីបើកឲ្យមានវេទិកា​សាធារណៈចោទសួរគ្នាតាមបែបវប្បធម៌ប្រជាធិបតេយ្យ ។

គណៈកម្មការ ទី​ ៧

គណៈកម្មការ ព័ត៌មាន និងផ្សព្វផ្សាយ

  • ជាសេនាធិការអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សានយោបាយ ទទួលបន្ទុកស្រាវជ្រាវ រុករកព័ត៌មាន ចងក្រងឯកសារ និង​​និងផលិតកម្មវិធីផ្សព្វផ្សាយ ។
  • គ្រប់គ្រងការិយាល័យបុគ្គលិក ក្រុមការងារស្ម័គ្រចិត្ត ផលិតកម្មវិធី វិទ្យុ ទូរទស្សន៍ ព្រិត្តិប័ត្រ និងខិតប័ណ្ណផ្សេងៗ របស់គណបក្សដើម្បីចែកផ្សាយ ។
  • គ្រប់គ្រងក្រុមការងារគេហទំព័ររបស់គណបក្ស ដើម្បីជំនួយការផ្សាយសកម្មភាពឲ្យបេក្ខជន អ្នកឈរឈ្មោះនិង គេហទំព័ររបស់គណបក្ស ។
  • គ្រប់គ្រងក្រុមអ្នកនាំពាក្យរបស់គណបក្ស ធ្វើការក្រោមការណែនាំផ្ទាល់ពីប្រធាន និង សហការ ជាមួយខុទ្ទការ​ល័យរបស់ប្រធានបក្ស ។

គណៈកម្មការ ទី ៨

គណៈកម្មការ ជនជាតិដើមភាគតិច

  • ជាសេនាធិការអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សានយោបាយ ទទួលបន្ទុក រៀបចំបណ្តាញជនជាតិ ភាគតិច ជនជាតិដើម​ទាំងអស់ដែលរស់នៅក្នុងទឹកដីរបស់ខ្មែរតាំងពីកកើតទឹកដី ។
  • រៀបចំយុទ្ធសាស្រ្តយុទ្ធនាការឃោសនាជាមួយនឹងសហគមន៍ជនជាតិដើមក្នុងប្រទេស ឲ្យ យល់ពីគោលការណ៍​នយោបាយរបស់គណបក្ស និងគាំទ្រគណបក្ស ។
  • តំណាងគណបក្ស ធ្វើការការពារសិទ្ធិជនជាតិដើម ដែលរួមមានសិទ្ធិកាន់កាប់គ្រប់គ្រងដីធ្លី សិទ្ធិសង្គម សេដ្ឋកិច្ច​និងសិទ្ធិវប្បធម៌ ដើម្បីធានាឲ្យជនជាតិដើមដែលរស់នៅក្នុងប្រទេស ខ្មែរ ទាំងអស់ មានសិទ្ធិនិងមានកម្មសិទ្ធិដូចជា ពលរដ្ឋខ្មែរទូទៅ ។

គណៈកម្មការ ទី ៩

គណៈកម្មការ សភាពខ្មែរកម្ពុជាក្រោម

  • ជាសេនាធិការអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សានយោបាយ ទទួលបន្ទុក កិច្ចការងារ ខ្មែរកម្ពុជាក្រោម ដែលរស់នៅក្នុង​ប្រទេសខ្មែរ ។
  • រៀបចំដំណើរប្រព្រឹត្តិទៅ និងដឹកនាំ សហភាពខ្មែរកម្ពុជាក្រោម (United Khmer Kampuchea Krom) ។