វិន័យ ១៥ ប្រការ ឬបទបញ្ជាផ្ទៃក្នុងរបស់ គណបក្សអំណាចខ្មែរ

ប្រការ ១

អំពីបទបញ្ញត្តិទូទៅ

– វិន័យ ១៥ ប្រការ ឬបទបញ្ជាផ្ទៃក្នុងនេះជាក្រមសីលធម៌ផ្ទៃក្នុងរបស់ គណបក្ស អំណាចខ្មែរ និងជា គឺជាកិច្ចសន្យានយោបាយដែលគ្រប់រូប ក្នុងជួរអ្នកដឹកនាំក្រុមប្រឹក្សា នយោបាយ (គណៈអចិន្ត្រៃយ៍) ក្រុមប្រឹក្សា តំណាង (គណៈនាយក) ក្រុមប្រឹក្សាមូលដ្ឋាន ដែលជាសាខាតំណាងខេត្ត ឃុំ សង្កាត់ សមាជិកសកម្ម និងក្រុម អ្នកគាំទ្រ ទាំងអស់ត្រូវតែ គោរពដោយខានមិនបាននិងមិនអាចរំលោភបំពានបាន ។

– វិន័យ ១៥ ប្រការ ឬបទបញ្ជាផ្ទៃក្នុងនេះ ជាវិន័យចង្អុលទិសសម្រាប់ធ្វើការងារ របស់ ក្រុមការងារគ្រប់​ជាន់ថ្នាក់របស់ គណបក្សអំណាចខ្មែរ ទាំងក្នុងប្រទេសនិងក្រៅប្រទេស ។

– មិនថាសមាជិកក្រុមប្រឹក្សានយោបាយ (គណៈអចិន្ត្រៃយ៍) សមាជិកក្រុមប្រឹក្សាអ្នក តំណាងរាស្រ្ត (គណៈនាយក) សមាជិកក្រុមប្រឹក្សាមូលរដ្ឋាន ឬបណ្តាញប្រតិបត្តិ និងសមាជិក​សកម្មកំរិតណាឡើយ ។ ប្រសិនបើប្រព្រឹត្តិខុសពី​វិន័យ ១៥ ប្រការ ឬបទបញ្ជាផ្ទៃក្នុងនេះ គឺត្រូវតែទទួលទោសដូចគ្នា ដូចមានចែងក្នុង ប្រការទី ១៥ ។

– ត្រូវអនុវត្តន៍នូវគោលការណ៍ ‹‹លើកទឹកចិត្ត និង បើកចំហរ›› ជូនដល់ពលរដ្ឋខ្មែរ គ្រប់​ជំនាន់គ្រប់វ័យ គ្រប់និន្នាការនយោបាយនិងគ្រប់មជ្ឈដ្ឋានឲ្យចូលរួមសិក្សាស្វែងយល់ ហើយធ្វើការជាមួយ គណបក្សអំណាចខ្មែរ ដោយមិនប្រកាន់អតីតៈភាពនយោបាយបាយ និង​ដាច់ខាតត្រូវតែដំកល់ជាតិខ្ពស់នៅពីលើក្បាលជានិច្ច ។

ប្រការ ២

អំពីការងារដឹកនាំគណបក្ស

– ក្រុមប្រឹក្សាមូលដ្ឋាន តំណាងគ្រប់ឃុំ-សង្កាត់ ត្រូវខិតខំធ្វើកិច្ចការងារពង្រីករក​សមាជិក-សមាជិការអ្នក ក្រុមអ្នកគាំទ្រនៅក្នុងខេត្ត ឃុំ សង្កាត់ តំបន់ រដ្ឋ និងប្រទេស​ដែលខ្លួន​មានតួរនាទីគ្រប់គ្រង តែដាច់ខាត មិនត្រូវ លូកលាន់ចូលកិច្ចការផ្ទៃក្នុង និង ការដឹកនាំរបស់​សាខា​តំណាងបណ្តាញប្រតិបត្តិប្រចាំខេត្ត ឃុំ សង្កាត់ តំបន់ រដ្ឋ និងប្រទេសផ្សេងៗដែលមិន ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនឡើយ ។

– ក្រុមប្រឹក្សានយោបាយ (គណៈអចន្ត្រៃយ៍) ជាក្បាលម៉ាស៊ីនដឹកនាំនិងសម្រេចរាល់​ការងារ​ប្រចាំថ្ងៃរបស់ គណបក្ស ដែលប្រធានក្រុមប្រឹក្សានយោបាយ (គណៈអចិន្ត្រៃយ៍) ជាប្រធានគណបក្ស និងមានគណៈកម្មការសេនាធិការអចិន្ត្រៃយ៍ជា​ជំនួយការដឹកនាំរួមមាន៖

១- ប្រធានគណៈកម្មការ ទី ១ បណ្តាញសាខាប្រតិបត្តិ (អ្នកនាំពាក្យ)

២- ប្រធានគណៈកម្មការ ទី ២ ផែនការយុទ្ធនាការ និងតស៊ូគោលនយោបាយ (អ្នកនាំពាក្យ)

៣- ប្រធានគណៈកម្មការ ទី ៣ រដ្ឋបាល និងហិរញ្ញវត្ថុ

៤- ប្រធានគណៈកម្មការ ទី ៤ កិច្ចការបរទេស និងទំនាក់ទំនងអន្តរជាតិ

៥- ប្រធានគណៈកម្មការ ទី ៥ បណ្តាញចលនាពលរដ្ឋ (អ្នកនាំពាក្យ)

អនុគណៈកម្មការ ចលនាសហជីពនិងកម្មករ, អនុគណៈកម្មការ ចលនាយុវជននិងនិស្សិត,

អនុគណៈកម្មការ ចលនាស្ត្រី

៦- ប្រធានគណៈកម្មការ ទី​ ៦ ទំនាក់ទំនងវិស័យឯកជន និងអង្គការសង្គមស៊ីវិល

៧- ប្រធានគណៈកម្មការ ទី​ ៧ ព័ត៌មាន និងផ្សព្វផ្សាយ

៨- ប្រធានគណៈកម្មការ ទី ៨ ជនជាតិដើមភាគតិច

៩- ប្រធានគណៈកម្មការ ទី ៩ សភាពខ្មែរកម្ពុជាក្រោម

– ក្រុមប្រឹក្សាអ្នកតំណាងរាស្រ្ត ជាអ្នកទទួលពាក្យស្នើ​សុំឈរឈ្មោះតំណាងរាស្ត្ររបស់ បេក្ខជន ។ ជាអ្នកវាយ តំលៃការងារសកម្មភាពរបស់បេក្ខជន ហើយបញ្ជូនឲ្យក្រុមប្រឹក្សា នយោបាយជាអ្នកអនុម័តប្រកាសបេក្ខភាព​របស់បេក្ខជន បន្ទាប់ពីបេក្ខជនទទួល បានការ ស្នើ បេក្ខភាពពីពលរដ្ឋរស់នៅក្នុង​មណ្ឌលចំនួន ៥០០០ នាក់ ។

– ការប្រជុំរបស់ក្រុមប្រឹក្សានយោបាយ ត្រូវមានសមាជិកវត្តមានចំនួន ២ ភាគ ៣ ហើយការសម្រេចយក​ជាបានការគឺត្រូវសម្រេចដោយសំឡេង ៥០ បូក ១ នៃសមាជិកវត្តមាន​ក្នុងអង្គប្រជុំ ។

– ក្រុមប្រឹក្សាអ្នកតំណាងរាស្រ្ត (គណៈនាយក) ជាសភារបស់គណបក្ស ដែលដឹកនាំ ដោយអនុប្រធានមួយរូបរបស់គណបក្ស ។ ការប្រជុំត្រូវមានកូរុំចំនួន ២ ភាគ ៣ និងសម្រេច យកជាការបានដោយសំឡេង ៥០ បូក ១ ។

– ក្រុមប្រឹក្សាតំណាងរាស្ត្រ ជាអ្នកទទួលនិងអនុម័តឈ្មោះជាអ្នកតំណាងឃុំសង្កាត់ និងតំណាងមណ្ឌល សាធារណៈថ្នាក់ក្រោមជាតិ និងជាអ្នកប្រកាសអនុម័តបេក្ខភាព របស់ បេក្ខជន បន្ទាប់ពីបេក្ខជនទទួលបានការស្នើ បេក្ខភាពពីពលរដ្ឋនៅក្នុងបណ្ឌលចំនួន ១០% នៃសំឡេងកំណត់ ។

– សាខាបណ្តាញប្រតិបត្តិ នៃ គណបក្សនៅក្នុងប្រទេសគ្រប់គ្រងដោយ គណៈកម្មការបណ្តាញប្រតិ​បត្តិ របស់គណបក្ស ។ គណៈកម្មការបណ្តាញប្រតិបត្តិ ជាអ្នក លើកស្នើឈ្មោះតែងតាំង ថ្នាក់ដឹកនាំសាខាបណ្តាញ​ប្រតិបត្តិថ្នាក់ខេត្ត ហើយបណ្តាញ ប្រតិបត្តិថ្នាក់ខេត្ត គឺជាអ្នកលើកស្នើឈ្មោះតែងតាំងថ្នាក់ដឹកនាំសាខាបណ្តាញ មូលដ្ឋានថ្នាក់ ឃុំ និងសង្កាត់ ជូនក្រុមប្រឹក្សានយោបាយ និងក្រុមប្រឹក្សាអ្នកតំណាងរាស្រ្តពិនិត្យទទួលស្គាល់ ។

ប្រការ ៣

អំពីរដ្ឋបាល និងហិរញ្ញវត្ថុរបស់ គណបក្ស

- គណៈកម្មការរដ្ឋបាល និងហិរញ្ញវត្ថុទទួលបន្ទុកគ្រប់គ្រងកិច្ចការរដ្ឋបាល និង ហិរញ្ញ វត្ថុ របស់​គណបក្ស និងសហការដឹកនាំលេខាធិការដ្ឋានកណ្តាល ជាមួយនឹងនាយក ខុទ្ទការល័យ​របស់គណបក្ស ។ ដឹកនាំការិយាល័យរដ្ឋបាល ការិយាល័យហិរញ្ញវត្ថុ ការិយាល័យលេខា​និងជំនួយការ ការិយាល័យបុគ្គលិកនិង​អ្នកស្ម័ក្រចិត្ត ការិយាល័យពិធីការ ការិយាល័យ​សន្តិសុខ ការិយាល័យសេវ៉ាកម្មបច្ចេកទេសនិងអប់រំ ការិយាល័យ ផលិតកម្ម និងការិយាល័យ​ផ្សេងៗទៀតតាមការប្រគល់ភារកិច្ចឲ្យ​ដោយក្រុមប្រឹក្សានយោបាយ ។

– ហាមយកឈ្មោះនិងតួរនាទីដែលមាននៅក្នុងគណបក្ស ទៅរៃអង្គាសរកប្រាក់ជំនួយ​ពីសមាជិកដើម្បីធ្វើ សកម្មភាព​ផ្សេង បម្រើក្រុមនយោបាយឬអង្គការនយោបាយផ្សេង ។ ការ​រៃ​​អង្គាសរកប្រាក់ជំនួយពីសមាជិកអ្នក គាំទ្រត្រូវតែ​ស្ថិតនៅក្រោមការត្រួតពិនិត្យ​ច្បាស់លាស់​ពីសំណាក់ គណៈកម្មាការរដ្ឋបាលនិងហិរញ្ញវត្ថុ របស់ គណបក្សដោយ​បញ្ចាក់ពីរបាយការ​ចំណូលនិងចំណាយត្រឹមត្រូវ ដោយភ្ជាប់ជាមួយនូវបញ្ជីចំណូលចំណាយ ។

– គណៈកម្មាការរដ្ឋបាលនិងហិរញ្ញវត្ថុរបស់ គណបក្ស ជាហិរញ្ញកិច្ចនិងជាអធិការកិច្ច​ហិរញ្ញវត្ថុជំនួសឲ្យ​ក្រុមប្រឹក្សានយោបាយ ដែលធ្វើការទទួលខុសត្រូវគ្រប់គ្រងសាច់​ប្រាក់​និង​ធនាគាររបស់ គណបក្ស និងក៏ជាអ្នក​ទទួលប្រាក់ជំនួយពីសមាជិក និងបែងចែកប្រាក់ជំនួយ​ទៅ​ឲ្យ​ក្រុម​ការងារយុទ្ធនាការតាមបណ្តាខេត្ត ឃុំ សង្កាត់ នៅទូទាំងប្រទេស ។

– រាល់ការរៃអង្គាសរកប្រាក់ចំណូល ការផ្ញើរនិងការទទួលប្រាក់ជំនួយពីសមាជិក​ទាំងក្នុងនិងក្រៅប្រទេស​ មិនថាប្រាក់រង្វាន់ ប្រាក់បេសកម្ម ប្រាក់យុទ្ធនាសម្រាប់បេក្ខជន គឺ​ត្រូវ​តែឆ្លងកាត់ប្រព័ន្ធគណនេយ្យធនាគាររបស់ គណបក្សដើម្បីឲ្យ គណកម្មការរដ្ឋបាលនិង ហិរញ្ញវត្ថុ​ធ្វើការកត់ត្រា ត្រួតពិនិត្យពីប្រភពប្រាក់ច្បាស់លាស់ ។

– ប្រាក់ជំនួយដែលសមាជិកក្នុងឬក្រៅប្រទេស មានបំណងជួយផ្ទាល់ចំពោះបេក្ខជន​របស់គណបក្ស ដើម្បី យកទៅធ្វើយុទ្ធនាការនយោបាយ គណៈកម្មការរដ្ឋបាលនិងហិរញ្ញវត្ថុ​នឹងកាត់ចំនួន ២០% ទុកសម្រាប់ទ្រទ្រង់​បេសកម្មរបស់ក្រុមប្រឹក្សានយោបាយ (គណៈអចិន្ត្រៃយ៍) និងទីស្នាក់ការកណ្តាលរបស់ គណបក្ស ។

– ការដកប្រាក់ពីធនាគារ ត្រូវតែមានការអនុម័តពីប្រធាន តាមរយៈសំណើសុំពី ប្រធានគណៈកម្មការ រដ្ឋបាលនិងហិរញ្ញវត្ថុ ព្រមទាំងភ្ជាប់មកជាមួយនូវឯកសារ​គំរោង​ចំណាយ​ពិតប្រាកដដែលមានការវាយតំលៃត្រឹម​ត្រូវពីតំលៃដែលត្រូវចំណាយ ។

– គណៈកម្មការរដ្ឋបាលនិងហិរញ្ញវត្ថុ ត្រូវធ្វើរបាយការណ៍ហិរញ្ញវត្ថុរៀងរាល់ ៣ ខែ ដាក់ជូនប្រធាននិង ក្រុមប្រឹក្សានយោបាយដើម្បីពិនិត្យពីស្ថានភាពហិរញ្ញវត្ថុ ។

ប្រការ ៤

អំពីអធិបតេយ្យភាពការងារ និងការទទួលខុសត្រូវ

– គណៈកម្មការសេនាធិការអចិន្ត្រៃយ៍ ខុទ្ទការល័យ ការិយាល័យ សាខាបណ្តាញ ប្រតិបត្តិ និងសាខាបណ្តាញមូលដ្ឋានរបស់ គណបក្ស គ្រប់ជាន់ថ្នាក់មិនត្រូវអនុញ្ញាត្តិ ឲ្យប្រើ ប្រព័ន្ធការិយាល័យធិបតេយ្យធ្វើការជាដាច់ខាត ពោលគឺត្រូវធ្វើការដោយការទទួលខុស ត្រូវ រៀងៗខ្លួន តាមតួរនាទី និងការងារនីមួយៗដោយឯករាជ្យ ។

– មិនត្រូវជ្រៀតជ្រែកកិច្ចការងារគ្នានៅក្នុងគណបក្សតែមួយ តែត្រូវចេះជួយផ្តល់ យោបល់និងជួយផ្តល់នូវ គំនិតដំណោះស្រាយ ប្រសិនបើមានការស្នើសុំជំនួយ គំនិត ឬយោបល់ ។

– មិនអាចយករបស់របរ ឬទ្រព្យសម្បត្តិរបស់ គណបក្ស ទៅប្រើជាប្រយោជន៍ផ្ទាល់ខ្លួន និងមិនត្រូវយកទី​កន្លែងធ្វើការងាររបស់ គណបក្ស ទៅធ្វើការងារផ្ទាល់ខ្លួនរបស់ខ្លួន ឯងដាច់ ខាត ។

– ទ្រព្យសម្បត្តិរបស់ គណបក្ស ដូចជា រថយន្តនិងអ្វីៗផ្សេងៗទៀត ដែលអាច អនុញ្ញាត្តិ ឲ្យសមាជិក ណា ម្នាក់ខ្ចីប្រើបាន លុះត្រាតែមានលិខិត​ស្នើសុំពីសមាជិក​ដាក់ជូនទៅប្រធាន គណបក្ស តាមរយៈ គណៈកម្មការរដ្ឋបាលនិងហិរញ្ញវត្ថុ របស់គណបក្ស ។

ប្រការ ៥

អំពីការបង្ការទំនាស់ការងារ និងទំនាស់ផលប្រយោជន៍

– ជៀសវាងការប្រកែកគ្នាយកឈ្នះចាញ់ដែលបង្ករទំនាស់ ដោយមកពីការនិយាយ មិនយល់គ្នា ហើយ ធ្វើការសន្និដ្ឋានជាលក្ខណៈបុគ្គលបង្កើតនូវគំនិតសង្ស័យគ្នា ដែលនាំឲ្យ មានការបែកបាក់ផ្ទៃក្នុង ។

– លុបបំបាត់ចោលនូវវប្បធម៌វាយអែបស៊ីអប និយាយច្រើនធ្វើការតិច ។ ពីព្រោះគំរូ វាស់របស់ គណបក្ស យកតែសកម្មភាពនិងការអនុវត្តន៍ជាក់ស្តែងតែមួយគាត់ មកធ្វើជា ឧបករណ៍នៃការវាយតំលៃ ។

– មិនអនុញ្ញាត្តិមានសាច់ញ្ញាត្តិ ឬក្រុមគ្រួសារ ធ្វើការក្នុង គណៈកម្មការតែមួយ ឬការិយាល័យតែមួយជាដាច់ខាត ។ ករណីនេះគឺអនុវត្តន៍ដូចគ្នាចំពោះសាខាបណ្តាញនៅ គ្រប់ខេត្ត មិនអនុញ្ញាត្តិឲ្យសាច់ញ្ញាត្តិធ្វើការក្នុងរចនាសម្ព័ន្ធតែមួយឡើយ ។

– ចំពោះបេក្ខជនអ្នកឈរឈ្មោះជាអ្នកតំណាងរាស្ត្រ តំណាងក្រុមប្រឹក្សាឃុំសង្កាត់ ឬតំណាងសាធារណៈ នានា មិនអនុញ្ញាត្តិឲ្យបងប្អូន សាច់ញ្ញាត្តិឈរឈ្មោះក្នុងមណ្ឌល​ជាមួយ​គ្នា ឬក្នុងខេត្តជាមួយគ្នាដាច់ខាត ។

ប្រការ ៦

អំពីវិន័យ ក្នុងពេលប្រជុំការងារ

– មិនត្រូវយកមនោសញ្ចេតនាផ្ទាល់ខ្លួន ឬរឿងរ៉ាវផ្ទាល់ខ្លួន ឬក៏យកបញ្ហាក្នុងក្រុម​គ្រួសារ​មកដាក់ចូល ជាមួយនឹងបញ្ហាជាតិ ទឹកដីដាច់ខាត ។ ត្រូវចែកអោយដាច់ រវាង បញ្ហា​ជាតិ បញ្ហាគ្រួសារ និងបញ្ហាបុគ្គល់ ។

– មិនអនុញ្ញាត្តិឲ្យបំបែកក្រុមពិភាក្សា ក្នុងពេលប្រជុំរួម និងមិនឲ្យប្រើទូរស័ព្ទ ឬគ្រឿង​អេឡិចត្រូនិចដែល​នាំឲ្យរំខានដល់អង្គប្រជុំជាដាច់ខាត ។

– ការមានយោបល់ត្រូវគោរពពេលវេលាឲ្យបានត្រឹមត្រូវ មុនមានយោបល់ត្រូវលើកដៃ​សុំមានយោបល់ ហើយការនិយាយត្រូវផ្តោតឲ្យចំសាច់រឿងដែលចង់និយាយ និងមិនត្រូវខ្លាច​ញញើតនិយាយការពិតឡើយ ។

– ប្រធានអង្គប្រជុំ ជាអ្នកសម្របសម្រួលអង្គប្រជុំ ត្រូវតែងតាំងលេខាកត់ត្រា​កំណត់​ហេតុប្រជុំ ហើយត្រូវ​ផ្តល់ពេលវេលាឲ្យបានស្មើរៗគ្នាដល់សមាជិកដែលចង់មានយោបល់ ។

– គ្រប់ការប្រជុំរបស់ គណបក្ស ត្រូវមានកូរុំចំនួន ២ ភាគ ៣ ហើយរាល់ការ​សម្រេច​ដែលយកជាការបាន​លុះត្រាតែមានសំឡេងគាំទ្រចំនួន ៥០ បូក ១ លើកលែងតែការ​ជ្រើសរើស​សមាជិកក្រុមប្រឹក្សានយោបាយរបស់ គណបក្ស មកបំពេញសមាជិកដែលស្លាប់ លែលាង ឬបណ្តេញចេញតែប៉ុណ្ណោះ ដែលដាច់ខាតត្រូវការសំឡេង ចំនួន​ ២ ភាគ ៣ គាំទ្រទើបបេក្ខជនអាចក្លាយជាសមាជិកក្រុមប្រឹក្សានយោបាយបាន ។

ប្រការ ៧

អំពីការហាមឃាត់មិនឲ្យប្រព្រឹត្តិខុសច្បាប់

– ហាមមានសកម្មភាពទាក់ទងជាមួយក្រុមបង្កើត ចលនាកងទ័ពនិងកងកម្លាំងប្រដាប់​អាវុធខុសច្បាប់ និងទៅបង្កើតសកម្មភាពយោធានានាដែលផ្ទុយ​និងប្រឆាំងច្បាប់ឧក្រិដ្ឋកម្ម​ជាតិ និងច្បាប់អន្តរជាតិ ។

– ហាមប្រើប្រាស់អាវុធជាតិផ្ទុះ និងហាមនាំយកគ្រឿងអាវុធជាតិផ្ទុះចូលមកក្នុង​បរិវេណ​​ទីស្នាក់ការរបស់ គណបក្ស ឬចូលក្នុងហ្វូងយុទ្ធនាការឃោសនារនយោបាយ និង​ហាមដាច់ខាតមិនឲ្យសមាជិកណាម្នាក់យកអាវុធ គ្រឿងផ្ទុះមកធ្វើជាឧបករណ៍អំណួតអាង​អំណាច ។

ប្រការ ៨

អំពីការហាមប្រកបមុខរបរ

– ហាមប្រកបមុខរបបរឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដូចជា ៖ ការជួញដូរស្រ្តីនិងកុមារ ការផលិត និង ជួញដូរគ្រឿងញាណ ការទិញនិងលក់អាវុធប្រល័យលោកនិងការ​ប្រព្រឹត្តិនូវ​ល្បែងស៊ីសងបោកប្រាស់ លួច ឆក់ ប្លន់ ទ្រព្យសម្បត្តិរបស់ពលរដ្ឋ និងទ្រព្យសម្បត្តិជាតិ ។

– ហាមប្រកបមុខរបរកាប់ឈើ នេសាទខុសច្បាប់ រត់ការយកកំរៃជើងសារពីឈ្មួញ​ទុច្ចរឹតពុករលួយ និង របរដែលមានចរឹតរឹប​អូសយកដីធ្លី ផ្ទះសំបែងរបស់ពលរដ្ឋ មកធ្វើជា​កម្មសិទ្ធិរបស់ខ្លួន ។

ប្រការ ៩

អំពីកាតព្វកិច្ចបម្រើពលរដ្ឋ និងបម្រើជាតិ

– ត្រូវផ្តល់ការស្រលាញ់និងជួយដល់ពលរដ្ឋខ្មែរគ្រប់រូប ហើយប្រកាន់ភ្ជាប់នូវជំហរ​ដាច់​ខាតមួយគឺ បម្រើ យកចិត្តទុកដាក់ជួយ និងសង្គ្រោះពលរដ្ឋខ្មែរជាអត្ថិភាព ទោះនៅកន្លែងណា ទីណា ប្រទេសណា និងទោះជានៅ ក្នុងស្ថានការណ៍បែបណាក៏ដោយ (Pro-Khmer People) ដោយមិនថាខ្មែរក្រោម ខ្មែរលើ ខ្មែរកណ្តាល គឺត្រូវតែ​ចាត់ទុកជាខ្មែរតែមួយ បើពលរដ្ឋខ្មែរនៅ​ទី​ណាមានទុក្ខ គឹចាត់ទុកថាជាទុក្ខរួមរបស់ខ្មែរតែមួយ ។

– ក្នុងស្ថានការណ៍ប្រទេសមានអាសន្ន ដែលមានបរទេសឈ្លានពាន រំលោភលើ​អធិបតេយ្យភាព និង បូរណភាពទឹកដីខ្មែរនោះសមាជិកគ្រប់ឋានៈនៃ គណបក្សអំណាចខ្មែរ ត្រូវតែរួមសកម្មភាពជាមួយនឹងរដ្ឋាភិបាល ដែលកំពុងកាន់អំណាច ដើម្បីរួមគ្នាការពារ​ប្រយោជន៍ជាតិ និងប្រយោជន៍រួមរបស់ជនរួមជាតិ ពិសេសគឺការពារ​ឲ្យបានដាច់ខាតនូវ​អធិបតេយ្យភាព និងបូរណៈភាពទឹកដីខ្មែរ ។

– ជនពិការ មនុស្សចាស់ជរា និងកុមារ ព្រមទាំងបុព្វជិតសាសនា ត្រូវផ្តល់អត្ថិភាព​ជូនពួកគាត់ក្នុងពេល​ធ្វើដំណើរ ឬពេលទទួលនូវសេវ៉ាកម្មផ្សេង ។

ប្រការ ១០

អំពីការប្រើអំណាចនៃការពិត

– មិនត្រូវបង្កើតឬបណ្តុះនូវវប្បធម៌ច្រណែន ឈ្នានីស និងវប្បធម៌ផ្គុំគ្នាស្អប់ ហើយនិង​មិន​ត្រូវបង្កើតរឿងអ្វី ដែលមិនពិតទៅវាយប្រហារ ចលនាឬគណបក្សនយោបាយផ្សេង ដែលធ្វើឲ្យពលរដ្ឋរឹតតែវង្វេងហើយបន្តរស់នៅ ក្នុងវប្បធម៌ភូតភរដាច់ខាត ។

– ត្រូវតែរក្សានូវជំហរដាច់ខាតជាអ្នកហ៊ាននិយាយការពិតជាសាធារណៈ ប្រកាន់​សច្ចៈធម៌ គុណធម៌ និង​ហ៊ានប្រឈមមុខស្រាវជ្រាវរកការពិតដើម្បីយកមកនិយាយប្រាប់ឲ្យ​ពលរដ្ឋខ្មែរគ្រប់គ្នាបានដឹងទាំងអស់ ។

– ត្រូវតែជឿជាក់លើអំណាចនៃការពិត ដែលជាឱសថតែមួយគាត់អាចធ្វើឲ្យមានការ​ផ្លាស់ប្តូរបាន ។ ពីព្រោះបើ​គ្មានការពិត ឬនាំគ្នាកាយកប់ការពិតនោះគឺមានន័យស្មើនឹងជួយ​មនុស្សអាក្រក់ឲ្យបន្តធ្វើអំពើរអាក្រក់ បោកប្រាស់ពលរដ្ឋ ។

ប្រការ ១១

អំពីការគោរពសេរីភាពជំនឿនិងសាសនា

– មិនត្រូវវាយបង្អាប់ជំនឿសាសនាមួយហើយលើកដំកើងជំនឿសាសនាមួយទេ និង​មិន​ត្រូវ​បង្កើតនូវ វប្បធម៌ប្រកាន់រើសអើងជំនឿសាសនាដាច់ខាត ។

– គ្រប់គ្នាមានសេរីភាពជ្រើសរើសសាសនា និងកាន់សាសនាដែលខ្លួនមានជំនឿ​និងគោរព ។ ត្រូវតែ គោរពសេរីភាពជំនឿ​សាសនាជាសេរីភាពធម្មជាតិរបស់មនុស្សជាតិ ។

ប្រការ ១២

អំពីការបន្តវប្បធម៌ក្លាហានដើម្បីការពារ

– ត្រូវមានភាពក្លាហាន ហើយបន្តបណ្តុះនូវវប្បធម៌ក្លាហានដើម្បីការពារ គឺការពារជាតិ​និងមាតុភូមិខ្មែរ ដោយដំកល់ជាតិនៅពីលើក្បាលជាដរាប ។ ត្រូវបង្រៀនឲ្យខ្មែរគ្រប់ជំនាន់ រួមគ្នាហ៊ានប្រើអំណាចខ្មែរ ដើម្បី សម្រេចជោគវាសនាជាតិ និងការពារមាតុភូមិខ្មែរ ។

– ដាច់ខាតមិនត្រូវបណ្តុះនូវវប្បធម៌កំសាកដេកចាំស្លាប់ និងវប្បធម៌ក្លាហានដើម្បីលួច ឆក់ប្លន់នូវទ្រព្យ​សម្បត្តិរបស់អ្នកដ៏ទេ ។

– ត្រូវហ៊ាននិយាយ ហ៊ានធ្វើ ហ៊ានតទល់ ហានការពារ ហើយប្រឆាំងគ្រប់នូវ​សកម្មភាពដែលនាំអោយ មានគ្រោះថ្នាក់ដល់ប្រទេសជាតិនិងមាតុភូមិខ្មែរ ។

ប្រការ ១៣

អំពីការបដិបត្តិសីល

– គ្រប់សមាសភាពក្នុងជួរអ្នកដឹកនាំរបស់ គណបក្សអំណាចខ្មែរ ត្រូវកាន់និងគោរព នូវ ‹‹សីល ៥›› នៃ របស់ព្រះពុទ្ធសាសនា ឲ្យបានខ្ជាប់ខ្ជួន ។

– ត្រូវមានព្រហ្មវិហាធម៌ ទស្សពិតរាជធម៌ សច្ចៈធម៌ និងគុណធម៌ ជានិច្ចក្នុងភាពជា​អ្នកដឹកនាំនិងជាអ្នក​នយោបាយក្នុង គណបក្សអំណាចខ្មែរ ។

ប្រការ ១៤

អំពីការសច្ចាប្រណិធាន

– គ្រប់គ្នាត្រូវតំកល់ជាតិទឹកដីនៅពីលើក្បាល លុបបំបាត់នូវផ្នត់គំនិតគាំទ្របុគ្គល់​ផ្កាប់មុខ ត្រូវលើកតំកើង ផលប្រយោជន៍ជាតិលើសពីប្រយោជន៍បុគ្គល ។

– ត្រូវអោយតំលៃការដឹកនាំទៅលើសមត្ថភាព និងទេពកោសល្យ ហើយដាច់ខាតត្រូវ​តាំងចិត្តលុបបំបាត់ ចោលនូវផ្នត់គំនិតរើសមេដឹកនាំតាមរយៈពូជ តាមរយៈត្រកូល ឬគ្រួសារ ។

– មិនត្រូវបន្តឲ្យមានវប្បធម៌យកនយោបាយធ្វើជាអាជីវកម្មសម្រាប់ក្រុមគ្រួសារ និងធ្វើ​ជា​មរតកសម្រាប់ ផ្ទែរឲ្យកូនចៅដែលគ្មានសមត្ថភាព និងគ្មានទេពកោរសល្យ​នយោបាយនោះទេ ។

ប្រការ ១៥

អំពីការអនុវត្តន៍ទោស

អ្នកដឹកនាំនិងសមាជិកណាម្នាក់មិនគោរពនូវវិន័យទាំង ១៤ ប្រការ ខាងលើ គឺត្រូវ​ទទួល​ទោសតាមច្បាប់ ដែលកំរិតទោសដោយក្រុប្រឹក្សានយោបាយ ដែលទោសនោះមាន​រហូតដល់កំរឹតការបណ្តេញចេញពីបក្ស ៕

ថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០១៥

បានឃើញនិងអនុម័តដោយក្រុប្រឹក្សានយោបាយ

ប្រធាន

សួន សេរីរដ្ឋា